ទោះ​រាង​ចំណាស់​តែ​នៅ​គុណភាព ថា​មិន​ត្រូវ Ronaldo អាច​ក្លាយ​ជា​ម្ចាស់​ពាន​ទាំង ៥ ​ក្នុង​ឆ្នាំ ២០២៤

ស្ថិត​ក្នុង​ពេលវេលា​វិស្សមកាល​រយៈ​ពេល​ខ្លី ​ដល់​ថ្ងៃ​ទី ២៤ ​មករា ទើប Cristiano Ronaldo ទទួល​ភារកិច្ច​ត្រូវ​វិល​មក​ជួយ​ក្លឹប Al-Nassr ជា​ថ្មី ហើយ​បន្តបន្ទាប់​មាន​តាំង​ពី​ជំនួប​មិត្តភាព​តូច​ធំ រួម​ទាំង​ការ​ប្រជែង​ពាន​រង្វាន់​នានា​បន្ត​កន្ទុយ​គ្នា​ដល់​បិទ​រដូវ​កាល។

យ៉ាង​ណា​ក្នុង​ឆ្នាំ ២០២៤ បើ​ទោះ​បី​កីឡាករ​ព័រទុយហ្គាល់​ផ្ទេរ​មក​ចូលរួម​នៅ​ក្លឹប​ក្នុង​ទឹកដី​អាស៊ី តែ​តួនាទី​ក្នុង​ការ​ឆ្ពោះ​ទៅ​រក​ជ័យជម្នះ​គឺ​នៅ​តែ​មាន ហើយ​សុទ្ធ​តែ​បញ្ជី​បេសកកម្ម​ដាក់​គោលដៅ​ពាន​ធំៗ​ទៀត​ផង។ ត្រៀម​ឆ្លង​ចូល​វ័យ ៣៩ ​ឆ្នាំ នៅ​ថ្ងៃ​ទី ០៥ ​ខែ​ក្រោយ សម្រាប់ Ronaldo លោក​អាច​មាន​ឱកាស​កាន់​ពាន ៥ ក្នុង​ឆ្នាំ​តែ​មួយ​នេះ៖

៥) ពាន Saudi Pro League

ដើរ​មក​ដល់​ជុំ​ទី ១៩ ហើយ​សម្រាប់​ពាន​លីគ​កំពូល​អារ៉ាប៊ីសាអូឌីត ត្រង់ Al-Nassr ឈរ​លេខ ២ បណ្ដោះអាសន្ន​មាន ៤៦ ពិន្ទុ​នៅ​ពី​ក្រោយ​ក្លឹប​ល្អ​ដាច់​គេ Al-Hilal មាន ៥៣ ពិន្ទុ។ អាច​និយាយ​បាន​ថា Ronaldo ពិត​ជា​បាន​ចូលរួម​ចំណែក​ធំធេង​ជូន​ក្លឹប ជាក់ស្តែង​ដូច​តួ​លេខ​គ្រាប់​បាល់​គឺ​នាំ​មុខ​តំណែង Top Scorer មាន ១៨ គ្រាប់។

ខ្សែ​ប្រយុទ្ធ​ជំនាញ​ជើង​ស្តាំ ត្រូវ​រង់ចាំ​ដល់​ថ្ងៃ​ទី ១៥ ​កុម្ភៈ សឹម​វិល​មក​ប្រកួត​នៅ SPL ជា​ថ្មី​ទល់ Al Fateh។

៤) ពាន King Cup

រៀបចំ​ឡើង​ដោយ​សហព័ន្ធ​បាល់ទាត់​អារ៉ាប៊ីសាអូឌីត រាប់​ជា​ពាន​មាន​អាយុ​កាល​ចំណាស់​មួយ បង្កើត​តាំង​ឆ្នាំ ១៩៥៧។ ក្នុង​ប្រវត្តិសាស្រ្ត Al-Nassr ធ្លាប់​ឈ្នះ​ពាន​នេះ ៦ សម័យ ដោយ​លើក​ចុងក្រោយ​នៅ​ឆ្នាំ ១៩៩០។

យើង​កំពុង​រង់ចាំ​អ៊ុត​មើល តើ Ronaldo អាច​ចូលរួម​ចំណែក​កាន់​ពាន King Cup ជា​លើក​ដំបូង​ដែរ​ឬ​យ៉ាង​ណា? ដំណើរការ​ប្រកួត​បាន​ចូល​មក​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ​បន្ទាប់​ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Luis Castro យក​ឈ្នះ​ទៅ​លើ Al-Shabab ៥-២ កាល​ពី​វគ្គ​មុន។

៣) ពាន Saudi Super Cup

បើ​យើង​គិត​ទៅ​ពាន​នេះ ប្រហាក់ប្រហែល​នឹង Community Shield នៅ​ចក្រភព​អង់គ្លេស។ ជា​រៀងរាល់​ឆ្នាំ​មាន​តែ​គីឡូ​ធ្ងន់​ទាំង ៤ ចូលរួម ហើយ​ឥឡូវ​ Ronaldo ​​មាន​ឈ្មោះ​នាម​សមាជិក Al-Nassr ក៏​រង់ចាំ​កាលបរិច្ឆេទ​ប្រកួត​មក​ដល់​ពេល​ខាង​មុខ។

២) ពាន AFC Champions League

ឈ្នះ​ពាន​លីគ​កំពូល​អារ៉ាប៊ីសាអូឌីត​អត់​ស្ទាវ​ទេ តែ​បើ​អាច​ឈ្នះ​ពាន​លំដាប់​ទ្វីប ACL មួយ​នេះ បាន​ហៅ​ថា​ខ្លាំង។ ស្គាល់​ហើយ​ UCL នៅ​អឺរ៉ុប ខណៈ​ឆ្នាំ ២០២៤ នេះ CR7 ក៏​មាន​ឱកាស​អាច​ស្គាល់​រសជាតិ​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី ត្រង់ Al-Nassr បាន​ឡើង​មក​ដល់​វគ្គ ១៦ ក្រុម កំណត់​ជួប Al Feiha នៅ​ពាក់​កណ្តាល​ខែ​ក្រោយ។

១) ពាន EURO

៤ ពាន​ដូច​រៀបរាប់​ខាង​លើ ប្រសិន​ណា Ronaldo សម្រេច​បាន​ទាំង​អស់ ម្ល៉េះ​ក៏​មិន​ទាន់​ចប់​ដែរ ត្រង់​លោក​អាច​មាន​លទ្ធភាព​បន្ថែម​ពាន​ធំ​ក្នុង​អាជីព​គឺ UEFA European Championship។ កាល​សម័យ ២០១៦ ធ្លាប់​បាន​ឈ្នះ​ម្តង ឥឡូវ ២០២៤ ក៏​អាច​មាន​ឱកាស​ម្តង​ទៀត នា​ពាក់​កណ្តាល​ឆ្នាំ ក្នុង​ទឹកដី​ម្ចាស់ផ្ទះ​អាល្លឺម៉ង់។

ក្នុង​វគ្គ​ចែក​ពូល​ផ្លូវការ UEFA ក៏​ចាប់ឆ្នោត​ផ្គូផ្គង​រួចរាល់ ដោយ​បញ្ចខែល​ក្រហម​ព័រទុយហ្គាល់​ស្ថិត​នៅ​ពូល F ត្រូវ​ប៉ះ​តួកគី សាធារណរដ្ឋឆេក ​និង​ជម្រើស​ជាតិ​មួយ​ទៀត​ឆ្លង​ចេញ​ពី​វគ្គ Play-off អាច​ជា​ហ្សកហ្ស៊ី លុចហ្សំបួរ ក្រិក ឬ​កាហ្សាក់ស្ថាន។ សរុបមកជាមួយឱកាសដូចបានបង្ហាញ តើអ្នកគិតថា Ronaldo នឹងអាចកាន់ពានទាំង ៥ ក្នុងឆ្នាំតែមួយនេះ បានដែរឬយ៉ាងណា?

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT