Ange Postecoglou ថា Tottenham មិនមែនពេលគ្មាន Kane លេងល្អជាងនោះទេ តែដោយសារបែបនេះ

Kane បានចាកចេញពី Spurs នៅមុនរដូវកាលទៅចូលរួមជាមួយ Bayern Munich ក្នុងកិច្ចព្រមព្រៀងដែលអាចកើនឡើងដល់ ១២០ លានផោន បូករូមទាំងតម្លៃបន្ថែមផ្សេងៗ។ ភាពផ្ទុយគ្នាបានកើតឡើងជាមួយ Postecoglou ដែលអាចដឹកនាំការចាប់ផ្តើមមិនទាន់ចាញ់ក្នុងក្របខ័ណ្ឌកំពូលអង់គ្លេស ដែលបានបញ្ជូន Tottenham ទៅកំពូលតារាង ហើយត្រូវបានចោទជាសំណួរថាក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៍ល្អជាងពេលគ្មានអតីតកីឡាករ Kane របស់ពួកគេដែលបាន ស៊ុតបញ្ចូលទី ២៧៨ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៣០ ដងសម្រាប់ក្លឹបកុមារភាពរបស់គាត់។

គ្រូបង្វឹក Spurs បាននិយាយថា៖

“អ្វីដែលខ្ញុំបានព្យាយាមពន្យល់គឺថា កីឡាករម្នាក់ៗបានផ្លាស់ប្តូររបៀបលេងរបស់ពួកគេ។

ខ្ញុំ​មិន​​អត្ថាធិប្បាយ​​ថា​ពួកយើង​ជា​ក្រុម​ដែល​ល្អ​ជាង​នៅពេលគ្មាន Harry នោះទេ ព្រោះ​ការប្រកួត​ចុង​ក្រោយ​ដែល Harry លេង​ឲ្យ​យើង គាត់​ធ្វើ​បាន​ល្អ​ក្នុង​ប្រព័ន្ធ​របស់​យើង​ពេល​គាត់​ស៊ុត​បាន​បួន​គ្រាប់។
ការមិនមាន Harry នៅទីនេះបានផ្លាស់ប្តូរពួកយើងទាំងក្រុម ពីព្រោះយើងកំពុងប្រើកីឡាករផ្សេងគ្នា ប៉ុន្តែប្រសិនបើ Harry នៅតែនៅទីនេះ រចនាសម្ព័ន្ធនឹងដូចគ្នា ហើយយើងនឹងមានមូលដ្ឋានគ្រឹះដូចគ្នាក្នុងការព្យាយាមគ្រប់គ្រងក្រុមគូប្រជែង ដាក់សម្ពាធក្រុមប្រឆាំង។

នៅទីបំផុត ខ្ញុំមិនចង់បង្រ្កាបគុណភាពដែលពួកគេមាននោះទេ ខ្ញុំចង់បញ្ចេញនូវអ្វីដែលល្អបំផុតនៅក្នុងរចនាសម្ព័ន្ធដែលយើងមាន”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT