ក្លឹប Arsenal បានប្រកាសថាពួកគេនឹងតែងតាំងលោក Unai Emery អតីតអ្នកចាត់ការក្រុម PSG មកដឹកនាំក្រុមនៅរដូវកាលក្រោយ ជំនួសតំណែងលោក Arsene Wenger ដែលបានចាកចេញទៅ។
ដំបូងឡើយ Arsenal ត្រៀមនឹងតែងតាំងអតីតកីឡាកររបស់ខ្លួន Mikel Arteta ធ្វើជាអ្នកចាត់ការទៅហើយ ប៉ុន្តែដោយសារតែមានបញ្ហាតិចតួចនៅវិនាទីចុងក្រោយ ទើបមិនអាចសម្រេចបាន។ ដូច្នេះហើយ ក្រុមកាំភ្លើងធំមានតែយកជម្រើសទី២របស់ខ្លួន គឺលោក Emery ដែលទើបតែចប់កុងត្រាជាមួយក្រុម PSG ។
ប្រធានក្លឹប Arsenal ទើបតែទាក់ទងទៅ អតីតអ្នកចាត់ការក្រុម Sevilla រូបនេះកាលពីយប់ថ្ងៃចន្ទ ហើយក៏សម្រេចភ្លាមៗតែម្ដង។ នៅមិនទាន់ច្បាស់ពីរយៈពេលកុងត្រានៅឡើយទេ ប៉ុន្តែការចូលមកដឹកនាំគឺផ្លូវការទៅហើយ។
បុរសអេស្ប៉ាញខាងលើនេះ បានចាកចេញពីក្រុម PSG ក្រោយពីដឹកនាំក្រុមនេះឈ្នះពាន៥ក្នុងរយៈពេល៣រដូវកាល។ ដោយឡែកកាលដឹកនាំ Sevilla វិញ លោកបាននាំក្រុមនេះលើកពាន UEFA Europa League ៣រដូវកាលជាប់គ្នាឯណោះ៕ប្រភព៖ DailyMail