អ្នកស្ម័គ្រ ចិត្តដែលបម្រើដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវបានប្រតិបត្តិករកីឡាចាត់ទុកជាសរសៃឈាមដ៏មានសារៈសំខាន់ មិនអាចខ្វះបាន ដើម្បីជួយជ្រោមជ្រែងឲ្យព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រដំបូងទាំងពីររបស់កម្ពុជាទទួលបានជោគជ័យ។
ក្នុងឱកាសធ្វើបទបង្ហាញក្នុងវគ្គបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្តសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នៅសាលវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហកគេម-អាស៊ានប៉ារ៉ាហ្គេម (CAMSOC-CAMAPGOG) មានប្រសាសន៍ថា ដើម្បីបម្រើដល់ព្រឹត្តិការណ៍កីឡាទាំងពីរនេះ កម្ពុជាត្រូវការអ្នកស្ម័គ្រចិត្តប្រមាណ ៧០០០នាក់ ដូច្នេះហើយអ្នកស្ម័គ្រចិត្តជាមនុស្សដ៏មានសារៈសំខាន់ ប្រៀបដូចសរសៃឈាមក្នុងខ្លួនមនុស្ស ដែលនឹងទទួលបដិសណ្ឋារកិច្ចដល់ប្រតិភូកីឡាអន្តរជាតិមកពីបណ្តាប្រទេសនានា មុនគេ នៅអាកាសយានដ្ឋានអន្តរជាតិ។ ដោយរឿងទី១សំខាន់បំផុតមុនគេ គឺអ្នកស្ម័គ្រចិត្តត្រូវផ្តល់ស្នាមញញឹម រួសរាយរាក់ដល់ប្រតិភូកីឡា ដើម្បីផ្តល់ភាពកក់ក្តៅ ក្នុងនាមយើងជាម្ចាស់ផ្ទះទាំងអស់គ្នា។
«ក្នុងវិស័យកីឡា អ្នកស្ម័គ្រចិត្ត គឺជាសរសៃឈាមដ៏មានសារៈសំខាន់ ដើម្បីផ្តល់ថាមពលដល់ដំណើរការហ្គេមទាំងមូលឲ្យរលូន និងជោគជ័យ។ ប្រសិនបើអ្នកស្ម័គ្រចិត្តមិនបានផ្តល់ភាពកក់ក្តៅដល់ប្រតិភូកីឡាឲ្យបានល្អប្រសើរនោះទេ នោះដំណើរការហ្គេមនឹងរអាក់រអួលមិនល្អប្រសើរឡើយ។ ដូច្នេះហើយយើងសុំស្នើដល់អ្នកស្ម័គ្រចិត្រទាំងអស់គ្នាប្រឹងប្រែងបម្រើប្រតិភូកីឡាឲ្យបានល្អ ដើម្បីជោគជ័យក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាយើងទាំងអស់គ្នា»។ ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់បន្ថែម។