វៀតណាម ស្វាគមន៍​យ៉ាងកក់ក្ដៅ​សម្រាប់​ពិធីដង្ហែ​ភ្លើង​គប់​កីឡាស៊ីហ្គេម

​លោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាម បានមានប្រសាសន៍ថា កាល​ពី​យប់​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារទាំងអស់ ព្រមទាំងស្ថានទូត ក្រោម​ការដឹកនាំ​ដោយ​ផ្ទាល់​ដោយលោក​ជំទាវ បានទៅទទួលពិធីដង្ហែភ្លើងគប់កីឡាស៊ីហ្គេមដោយផ្ទាល់ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ ក្រោយពេលភ្លើងគប់កីឡានេះ បាន​ធ្វើដំណើរ​ទៅដល់​ប្រទេស​វៀតណាម​ ហើយ​ការទទួលស្វាគមន៍នេះ ​គឺមានភាពល្អ​ប្រពៃ​និង​កក់ក្ដៅបំផុត។

លោកជំទាវបានសង្កត់ធ្ងន់ថា «កាលពីយប់មិញហ្នឹង ខាងស្ថានទូត ដែល​ស្ថិតក្រោម​ការ​ដឹកនាំ​របស់​នាង​ខ្ញុំ​ផ្ទាល់​ហ្នឹងគឺបានទៅទទួលដោយផ្ទាល់គណៈប្រតិភូ ដែល​ដឹកនាំដោយឯកឧត្ដម ហោ សារ៉ុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយ​មាន​កិត្តិយស និងក្ដីរំភើបយ៉ាងក្រៃលែង ដែលមានការចូលរួមពីសំណាក់ភាគីវៀតណាមដែរ ដែល​មាន​លោកស្រីអគ្គនាយករងក្រសួងវប្បធម៌ ទេសចរណ៍ និងកីឡាវៀតណាម និង​ក្រុម​ការងារ​របស់​គាត់​មួយ​ក្រុ​មដែរ»។

លោកជំទាវឯកអគ្គរាជទូតបន្ថែមថា «ភាគីវៀតណាម ជាមួយស្ថានទូត បានទទួលស្វាគមន៍គណៈប្រតិភូយើងយ៉ាងកក់ក្ដៅ ដោយក្ដីរីករាយ ព្រោះថា ប្រទេសវៀតណាម ជាប្រទេសទី១​ ដែលត្រូវដង្ហែភ្លើងគប់ស៊ីហ្គេម មុននឹង​បន្តរត់ភ្លើងគប់​ទៅកាន់ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដទៃទៀត។ ចំពោះការរៀបចំនេះ យើងទទួលបានការសហការ និង​ជិតស្និទ្ធ​បំផុតពី​ក្រសួង​កីឡា​ទេសចរណ៍ និងវប្បធម៌របស់វៀតណាម ហើយមែនទែនទៅ ការរៀប​ចំនេះមិន​មែន​ទើប​តែចាប់​ផ្ដើម​ទេ គឺយើងបានត្រៀមខ្លួន និងរៀបចំ​តាំងពីថ្ងៃប្រជុំ​ជាមួយ​គណៈកម្មាធិការជាតិអូឡាំពិក កាល​ពី​ថ្ងៃ​ទី៤ ​មីនា ហ្នឹងយើងខ្ញុំចាប់ផ្ដើមភ្លាមម្ល៉េះ»។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT