Carragher ​ចង់​ឃើញ Spurs ​បណ្ដេញ​លោក Conte ​ចោល ​ក្រោយ​រិះគន់​ក្រុម​ខ្លួន​ឯង​

​លោក Jamie Carragher ​បាន​ប្រាប់​ឱ្យ​ក្លឹប Spurs ​បណ្ដេញ​លោក Antonio Conte ​ចេញ​ពី​តំណែង​ទៅ ​ក្រោយ​ពី​បុរស​សញ្ជាតិ​អ៊ីតាលី​នេះ ​និយាយ​រិះគន់​កីឡាករ ​និង​ក្លឹប​ខ្លួន​ឯង​ដឹក​នាំ​ស្ទើរ​តែ​រាល់​ការ​ប្រកួត​ទៅ​ហើយ។

​បន្ទាប់​ពី​លេង​ស្មើ​ជាមួយ​ក្រុមSouthampton ​ក្នុង​លទ្ធផល ៣-៣ ​នៅ​យប់មិញ​នេះ ​លោក Conte ​បាន​ដាក់​ការ​ស្ដី​បន្ទោស​ទៅ​លើ​កីឡាករ​របស់​ខ្លួន​ឯង​ទៀត​ហើយ។ ​លោក​អះអាង​ថា​កីឡាករ​ក្រុម Spurs ​បច្ចុប្បន្ន​លេង​មិន​ចង់​ឈ្នះ ​មិន​មាន​កំហឹង ​កម្លាំង​ចិត្ត​នៅ​ក្នុង​ខ្លួន​នោះ​ទេ។ ដូច្នេះ​ហើយ ទើប​បាន​ជា​លទ្ធផល​ក្រុម​ទាំង​មូល​មិន​បាន​ល្អ ​ហើយ​ក៏​ពិបាក​ក្នុង​ការ​ប្រជែង​ពាន​រង្វាន់​ដទៃ​ផង​ដែរ។ ខណៈ​ដែល​នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​អ្នក​ចាត់ការ​សញ្ជាតិ​អ៊ីតាលី​នេះ​និយាយ​បន្ទោស​ទៅ​លើ​កីឡាករ​ខ្លួន​ឯង។

​ក្រោយ​ពី​ឃើញ​សម្ដី​អ្នក​ចាត់ការ​និយាយ​ដដែល​ៗ​បែប​នេះ ​ទើប​បាន​ជា​លោក Carragher ​និយាយ​ថា​៖ “Conte ​មាន​ចេតនា​ឱ្យ​ក្លឹប Spurs ​បណ្ដេញ​គេ​ចេញ។ Spurs ​គួរ​តែ​សម្រេច​តាម​បំណង​គេ​ហើយ ​និង​គួរ​តែ​បណ្ដេញ​ភ្លាម​ៗ​តែ​ម្ដង។ ​គាត់​និយាយ​ថា Spurs ​មិន​ឈ្នះ​ពាន​ជា​យូរ​មក​នោះ គឺ​ជា​រឿង​ត្រឹម​ត្រូវ ប៉ុន្តែ​អ្នក​មិន​គួរ​និយាយ​រិះគន់​ក្លឹប​ខ្លួន​ឯង​កំពុង​ដឹក​នាំ​បែប​នេះ​ឡើយ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT