អត់​ពិត​ដូច​គេ​ថា ​នេះ​កត់ត្រា​ច្បាស់​ណាស់ Arsenal ធ្លាប់​កាត់​ឈ្មោះ ​តែ​បាន​សាង​កំណត់ត្រា​មិន​គួរ​ឲ្យ​ជឿ

នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ បាន​កើត​មាន​រឿងរ៉ាវ​វែកញែក​ពី​សំណាក់​អ្នក​គាំទ្រ​បាល់ទាត់​លើ​បណ្តាញ​សង្គម ជុំវិញ​ការ​ចែករំលែក​ខុស​ការ​ពិត ដែល​ថា Arsenal តាំង​តែ​បង្កើត​ក្លឹប​មក អត់​ធ្លាប់​មាន​ឈ្មោះ​ធ្លាក់​ចេញ​ពី​លីគ​កំពូល ឬ​ភាសា​បច្ចេកទេស​ហៅ​ថា “Relegated” នោះ​ទេ។

ក៏​មាន​បងប្អូន​យើង​មួយ​ចំនួន បាន​ចូល​ទៅ​បញ្ចេញ​មតិ​យោបល់ ដោយ​ថា វា​មិនមែន​ជា​ការ​ពិត ហើយ​ពាក់ព័ន្ធ​ប្រធានបទ​នេះ CTS Sports ក៏​សូម​លម្អិត​លើក​មក​បង្ហាញ​នូវ​ទិន្នន័យ​ច្បាស់ការ ឥត​ក្រឡៃ​បាន នោះ​គឺ​ត្រង់​ថា ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុង បង្កើត​ឡើង​អស់​កាល ១៣៦ ឆ្នាំ​មួយ​នេះ ក្នុង​ប្រវត្តិសាស្ត្រ​គឺ​ពិត​ជា​ធ្លាប់​បាន​ធ្លាក់​ចេញ​ពី​ក្របខ័ណ្ឌ​កំពូល ហើយ​កើត​ឡើង​តែ​មួយ​លើក​គត់។

នោះ​គឺ​តាំង​ពី​រដូវ​កាល ១៩១២/១៣ គ្រា​ដែល​លីគ​លំដាប់​ទី​មួយ​របស់​អង់គ្លេស ត្រូវ​បាន​គេ​ហៅ​ជា Football League First Division ដោយ​កាំភ្លើង​ធំ នៅ​មាន​ឈ្មោះ​ហៅ​ថា ‘Woolwich Arsenal’។ ២០ ក្លឹប​ស្ថិត​ក្នុង​ការ​ប្រកួតប្រជែង​ចំនួន ៣៨ ជុំ មាន ២ ក្លឹប​តម្រូវ​ត្រូវ​កាត់​ឈ្មោះ គឺ Notts County និង Woolwich Arsenal ឈរ​នៅ​ចំណាត់ថ្នាក់​បាត​តារាង មាន ១៨ ពិន្ទុ។

នៅ​រដូវ​កាល​ដដែល​នោះ Sunderland ជា​ក្លឹប​ឈ្នះ​ជើង​ឯក ស្រប​ពេល Manchester United ឈរ​ចំណាត់ថ្នាក់​ទី ៤ Manchester City ​ចំណាត់ថ្នាក់​ទី ៦ និង Liverpool ​ចំណាត់ថ្នាក់​ទី ១២ ជា​ដើម។

ក៏​ប៉ុន្តែ​បើ​យើង​និយាយ​តែ​នៅ​ក្របខ័ណ្ឌ Premier League ចាប់​តាំង​ការ​ប្តូរ​ឈ្មោះ នៅ​ឆ្នាំ ១៩៩២ គឺ​ជា​ការ​ពិត Arsenal ស្ថិត​ក្នុង​ចំណោម​ក្លឹប​ទាំង ៦ មិន​ធ្លាប់​ស្គាល់​ពាក្យ​ឈរ​បាត​តារាង ដល់​កាត់​ឈ្មោះ​ចេញ​នោះ​ទេ។ ជាក់ស្តែង​ក្រៅ​ពី​ក្លឹប​ធ្លាប់​ដឹកនាំ​ដោយ​លោក Arsene Wenger ក៏​មាន​ក្លឹប​ឯ​ទៀត ដូច Chelsea, Everton, Liverpool, Tottenham Hotspur និង Manchester United។

ទោះ​ជា​យ៉ាង​ណា សម្រាប់ Arsenal ក៏​នៅ​តែ​បាន​រក្សា​ទុក​កំណត់ត្រា​មិន​គួរ​ឲ្យ​ជឿ គឺ​ជា​ក្លឹប​តែ​មួយ​គត់​ក្នុង​ប្រវត្តិសាស្រ្ត​ដែល​បាន​ឈ្នះ​ពាន​មាស Premier League តំណាង​ឲ្យ​ក្លឹប​ឆ្លង​កាត់​រដូវ​កាល​ទាំង​មូល មិន​ស្គាល់​ពាក្យ​ថា ចាញ់។ តែ​បើ​រាប់​ជា​រួម ចាប់​តាំង​ការ​បង្កើត​បាល់ទាត់​នៅ​អង់គ្លេស គឺ​មាន​ក្លឹប​មួយ​ផ្សេង​ទៀត នោះ​គឺ Preston North End ដែល​សព្វថ្ងៃ ជា​ក្លឹប​ឈរ​នៅ​ក្របខ័ណ្ឌ​លំដាប់​ពីរ Championship។


យើង​ធ្វើ​ការ​រំឭក​ទៅ​រជ្ជកាល​មាស​របស់ Arsenal បន្តិច ដោយ​វា​បាន​កើត​ឡើង​កាល ១៩ ឆ្នាំ​មុន ពោល​នៅ​រដូវ​កាល ២០០៣/០៤ នៅ Premier League ឆ្លង​កាត់ ៣៨ ប្រកួត ឈ្នះ ២៦ ស្មើ ១២ និង​ចាញ់ ០។ ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​តា​លោក Arsene Wenger ក៏​ជួយ​ឲ្យ​ក្លឹប​ម្ចាស់ដី Emirate សាង​កំណត់ត្រា​កាន់​ពាន​មាស មិន​ធ្លាប់​កើត​មាន ហើយ​មក​ទល់​បច្ចុប្បន្ន​ក៏​មិន​ទាន់​មាន​ក្លឹប​ណា​ធ្វើ​បាន​នោះ​ដែរ។

តែ​យ៉ាង​ណា​នៅ​រដូវ​កាល​នោះ ជាមួយ​ពាន​ក្នុង​ស្រុក​ឯ​ទៀត​ដូច FA Cup គឺ​ Arsenal នៅ​តែ​ស្គាល់​បរាជ័យ ខុស​ពី Preston North End ដែល​កាល​ធ្វើ​បាន​នៅ​រដូវ​កាល ១៨៨៨-៨៩ គឺ​ប្រកួត​មិន​ចាញ់​ទាំង​ក្នុង​ក្របខ័ណ្ឌ​កំពូល​មាន ២២ ជុំ និង FA Cup ​មាន ៥ ជុំ ខ្លាំង​ជាង Arsenal ទៅ​ទៀត៕

ប្រភព៖ Wikipedia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT