Ancelotti ៖ Real Madrid ​នឹង​បន្ដ​លេង​ប្រយុទ្ធ​ទល់ Liverpool ​ទោះ​ចំណេញ​៣​គ្រាប់​ជើង​ទី​១

​លោក Carlo Ancelotti ​បាន​អះអាង​ថា​ក្រុម Real Madrid ​របស់​លោក​នឹង​បន្ដ​ទម្រង់​លេង​ប្រយុទ្ធ​របស់​ខ្លួន​ទៀត​ទល់​ក្រុម Liverpool ​នៅ​ជើង​ទី​២​ពាន​រង្វាន់ UEFA Champions League ​នា​រាត្រី​នេះ​។

​កាល​ពី​ជើង​ទី​១​កន្លង​ទៅ​នៅ​ទឹក​ដី​អង់គ្លេស​​ក្រុម Real Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម Liverpool ​រហូត​ដល់ ៥-២ ​រួច​ទៅ​ហើយ។ ដូច្នេះ​នៅ​ជើង​ទី​២​យប់​នេះ ពួកគេ​មាន​គ្រាប់​បាល់​ចំណេញ​៣​គ្រាប់​ក្នុង​ដៃ ​ហើយ​លេង​នៅ​ទឹក​ដី​ខ្លួន​ឯង​ទៀត ​នោះ​ក្រុម​អធិរាជ​ស​ពិត​ជា​មាន​ប្រៀប​ជាង​ក្រុម Liverpool ​ច្រើន​មែនទែន។ ក្រុម​របស់​លោក Carlo Ancelotti ​អាច​លេង​ការពារ​ដើម្បី​កុំ​ឱ្យ​របូត​គ្រាប់​បាល់​ច្រើន​វិញ​ក៏​បាន ក៏​អាច​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​បាន​ដែរ។

​តែ​ផ្ទុយ​ទៅ​វិញ ​លោក Ancelotti ​បាន​អះអាង​ថា​៖ “ជា​រឿង​ធម្មតា ​យើង​នឹង​ព្យាយាម​លេង​ដើម្បី​ឱ្យ​ដូច​កាល​ប្រកួត​ជើង​ទី​១។ ​យើង​នឹង​មិន​ការពារ​នោះ​ទេ ​យើង​នឹង​បន្ដ​ការ​លេង​ប្រយុទ្ធ​ទៅ​លើ​ក្រុម Liverpool ​ដដែល។ ​យើង​ព្យាយាម​ដើម្បី​ឈ្នះ​ការ​ប្រកួត​។ កីឡាករ​របស់​យើង​ដឹង​ច្បាស់ ទោះ​ជា​យើង​មាន​ប្រៀប​ជាង ប៉ុន្តែ​យើង​នឹង​បន្ដ​ការ​លេង​ឱ្យ​ល្អ​មើល”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT