ញាក់! Haaland ​ស៊ុត​៥​គ្រាប់​ម្នាក់​ជួយ City ​បំបាក់ Leipzig ​៧-០ បង្កើត​កំណត់ត្រា​ពិសេស​

​ខ្សែ​ប្រយុទ្ធ Earling Haaland ​រក​បាន​ដល់​ទៅ​៥​គ្រាប់​ម្នាក់​ឯង​ជួយ​ក្រុម Manchester City ​យក​ឈ្នះ​លើ​ក្រុម RB Leipzig ​ក្នុង​លទ្ធផល ​៧-០ ​ជើង​ទី​២​នៃ​ពាន​រង្វាន់ UEFA Champions League ។

​កាល​ពី​ជើង​ទី១​កន្លង​ទៅ ​ក្រុម​ទាំង​ពីរ​បាន​ត្រឹម​ស្មើ​គ្នា​ក្នុង​លទ្ធផល ១-១ ​ប៉ុណ្ណោះ ប៉ុន្តែ​ឈាន​ដល់​ជើង​ទី​២​នៅ​យប់មិញ​នេះ ​ក្រុម Man City ​សង្គ្រប់​យក​តែ​ម្ដង។ ​ដោយ​គ្រាន់​តែ Haaland ​ម្នាក់​ឯង​រក​បាន​ដល់​ទៅ​៣​គ្រាប់​ទៅ​ហើយ​នៅ​តង់​ទី១ និង​បន្ថែម​បាន​ដល់​ទៅ​២​គ្រាប់​ទៀត​នៅ​តង់​ទី​២។ ខណៈ​ដែល​ចប់​ការ​ប្រកួត​តែ​ម្ដង​នោះ ​ក្រុម Man City ​យក​ឈ្នះ​លើ​ក្រុម Leipzig ​បាន​ដល់​ទៅ ​៧-០។

​ជាមួយ​ការ​បន្ថែម​៥​គ្រាប់​នៅ​យប់មិញ​នេះ​ទៀត ​បាន​ធ្វើ​ឱ្យ​កីឡាករ​ន័វែស​រូប​នេះ​រក​បាន​៣៩​គ្រាប់​ហើយ​ឱ្យ Man City ​នៅ​រដូវ​កាល​នេះ ​ឆ្លង​កាត់​៣៦​ប្រកួត។ Haaland ​ក៏​បាន​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​នៅ City ​ដែល​រក​បាន​ដល់​៣៩​គ្រាប់​ក្នុង​មួយ​រដូវ​កាល​ផង​ដែរ។ ស្រប​ពេល​ការ​ប្រកួត​នៅ​សល់​ទៀត ​ខ្សែ​ប្រយុទ្ធ​វ័យ​២២​ឆ្នាំ​នឹង​អាច​បង្កើត​កំណត់ត្រា​ជា​ច្រើន​ទៀត​មិន​ខាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT