Hazard ​៖ ​កាល World Cup 2022 ​ខ្ញុំ​ពិត​ជា​មិន​ចង់​ចូល​រួម​ជាមួយ​ជម្រើស​ជាតិ​មែន​

​ខ្សែ​ប្រយុទ្ធ Eden Hazard ​បាន​អះអាង​ថា​កាល​ពី​ព្រឹត្តិការណ៍ FIFA World Cup 2022 ​កន្លង​ទៅ ​រូបគេ​ពិត​ជា​មិន​ចង់​ចូល​រួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​នោះ​ទេ។

​Hazard ​មិន​ទទួល​បាន​ឱកាស​លេង​សោះ​មុន​ការ​ប្រកួត World Cup 2022 ​កន្លង​ទៅ​នៅ​ក្លឹប Real Madrid ​ដោយ​អង្គុយ​កៅអី​បម្រុង​ជាប់​ជា​និច្ច។ ​តែ​នៅ​ក្រុម​ជម្រើស​ជាតិ​វិញ ​បែរ​ជា​គ្រូ​បង្វឹក​បែលហ្សិក​សម្រេច​ចិត្ត​កោះ​ហៅ​គេ​ទៅ​ចូល​រួម ទាំង​ដែល​ទម្រង់​លេង​មិន​ល្អ​គ្រប់គ្រាន់​នោះ​ទេ។ ​ស្រប​ពេល​កីឡាករ​វ័យ​ក្មេង​របស់​បែលហ្សិក​ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ឡើង​ជើង​ច្រើន​នាក់​ផង​ដែរ តែ​មិន​ទទួល​បាន​ឱកាស។

​ចំពោះ​រឿង​នេះ ​អតីត​ខ្សែ​ប្រយុទ្ធ Chelsea ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ “ខ្ញុំ​មិន​ចង់​លេង​នៅ World Cup 2022 ​។ ​កីឡាករ​ថ្មី​ៗ​បាន​មក​គោះ​ទ្វា​នៅ​ជម្រើស​ជាតិ​ជា​ច្រើន។ ​ខ្ញុំ​មិន​បាន​លេង​ឱ្យ Real ​បន្ទាប់​មក​ចូល​ជម្រើស​ជាតិ​និង​ប្រកួត។ ខ្ញុំ​ពិត​ជា​មិន​ចង់​អីចឹង​ទេ ព្រោះ​កីឡាករ​ជំនាន់​ក្រោយ​សក្ដិសម​នឹង​ទទួល​បាន​ឱកាស​ច្រើន​ជាង​ខ្ញុំ”។

​រំលឹក​ថា​ក្រោយ​ពី​ចប់ FIFA World Cup 2022 ​ភ្លាម Hazard ​ក៏​បាន​ប្រកាស​ពី​ការ​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​ភ្លាម​ផង​ដែរ។ ​មូលហេតុ​មិន​ខុស​ពី​ការ​អះអាង​ខាង​លើ​នោះ​ទេ ពោល​គឺ​គេ​ចង់​ទុក​ឱកាស​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​លេង​ឱ្យ​បាន​ច្រើន​៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT