Conte ​យល់​ស្រប​ជាមួយ ​Richarlison ​ថា​រដូវ​កាល​នេះ​ជា​រដូវ​កាល​មិន​ល្អ​សម្រាប់​គេ​មែន​

​លោក Antonio Conte ​បាន​និយាយ​យល់​ស្រប​ជាមួយ​ខ្សែ​ប្រយុទ្ធ Richarlison ​ដែល​និយាយ​ថា​រដូវ​កាល​នេះ​ជា​រដូវ​កាល​អាក្រក់​បំផុត​សម្រាប់​គេ​ហើយ​។

​ក្រោយ​ពី​មិន​សូវ​បាន​លេង ​ហើយ​ក្រុម Spurs ​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ UEFA Champions League ​ថែម​ទៀត​នោះ ​ខ្សែ​ប្រយុទ្ធ Richarlison ​បាន​និយាយ​រិះគន់​ទៅ​លើ​ការ​មិន​ផ្ដល់​ឱកាស​ឱ្យ​គេ​លេង​ពី​សំណាក់​លោក Conte ​។ មួយ​វិញ​ទៀត ​កីឡាករ​ប្រេស៊ីល​ក៏​បាន​ចាត់​ទុក​ថា​រដូវ​កាល​នេះ​ជា​រដូវ​កាល​អាក្រក់​សម្រាប់​ខ្លួន​ផង​ដែរ ព្រោះ​មិន​ទទួល​បាន​ឱកាស​លេង​គ្រប់គ្រាន់​នោះ​ទេ។

ចំពោះ​រឿង​នេះ​ដែរ ​លោក Conte ក៏​បាន​ចេញ​មុខ​មក​និយាយ​ដែរ​ថា៖ “គាត់​និយាយ​ត្រូវ​ហើយ។ រដូវ​កាល​នេះ​ពិត​ជា​មិន​ល្អ​សម្រាប់​គាត់​មែន។ គាត់​​ចាប់​ផ្ដើម​ជាមួយ​យើង​បាន​ល្អ បន្ទាប់​មក​គាត់​របួស ​ហើយ​ទៅ​លេង World Cup ​ត្រលប់​មក​វិញ​កាន់​តែ​របួស​ធ្ងន់​ឡើង។ គាត់​រក​គ្រាប់​បាល់​មិន​បាន​ទេ​នៅ Premier League ​និង​រក​បាន​ត្រឹម​២​គ្រាប់​នៅ Champions League។ គាត់​ពិត​ជា​និយាយ​ដោយ​ស្មោះ​ហើយ​ថា​រដូវ​កាល​នេះ​ជា​រដូវ​កាល​មិន​ល្អ​សម្រាប់​គាត់”​៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT