កំណត់ត្រា​ហើប​ជើង​ពី​ដី​ខ្ពស់​បំផុត​នៅ Serie A ឈ្មោះ Ronaldo ធ្លាក់​មក​លេខ ៣ ហើយ

ក្រៅ​តែ​កំណត់ត្រា​ការ​រក​គ្រាប់​បាល់ ការ​ឈ្នះ​ពាន​រង្វាន់ ទៀតសោត​ងាក​មក​សមិទ្ធផល​សម្រេច​បាន​ជា​បុគ្គល​ក៏​ខ្ញី​ចាស់ Cristiano Ronaldo បាន​ចារ​ទុក​ជា​ហូរហែ​ផង​ដែរ​ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់។

ចាំ​បាន​កាល​នៅ​ឈរ​ជើង​ក្នុង​ក្របខ័ណ្ឌ​អ៊ីតាលី Serie A តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់ ក៏​មាន​កត់ត្រា​កំណត់ត្រា​ធំៗ​ជា​ច្រើន ក្នុង​កំឡុង​ពេល​ឈរ​ជើង​ជិត ៣ ឆ្នាំ មុន​ការ​ចាកចេញ។ ក្នុង​នោះ​ក៏​មាន​រយៈ​កម្ពស់​លោត​បញ្ចប់​ទី​ខ្ពស់​បំផុត CR7 ធ្លាប់​ធ្វើ​បាន ហើយ​រក្សា​ទុក​តាំង​ឆ្នាំ ២០១៩ មុន​ត្រូវ​បាន​បំបែក រុញ​ឲ្យ​ឈ្មោះ​របស់​លោក​ធ្លាក់​មក​លេខ ៣ នៅ​ពេល​បច្ចុប្បន្ន៖

៣) Cristiano Ronaldo

នៅ​កំឡុង​ខែ​ធ្នូ ឆ្នាំ ២០១៩ ​ខ្សែ​ប្រយុទ្ធ​ខាង​លើ បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល តាម​រយៈ​ការ​លោត​តែត​បញ្ចប់​ទី​នៅ​រយៈ​កម្ពស់​ខ្ពស់​បំផុត​ដល់​ទៅ ២,៥៦ ម៉ែត្រ ដោយ​នេះ​បើ​រាប់​ពី​ចុង​ជើង ហើប​ផុត​ដី មាន​កម្ពស់ ០,៦៩ សង់ទីម៉ែត្រ។

វា​ជា​ពេលវេលា​ដែល​ខ្សែ​ការពារ​ស្លាប Alex Sandro បាន​ក្រុស​បាល់​ចូល​ប្រអប់ ហើយ Ronaldo លោត​មួយ​ទំហឹង​ខ្លួន ផុត​អស់​ខ្សែ​ការពារ​ក្លឹប Sampdoria ក៏​ជា​គ្រាប់​បាល់​បើក​ការ​នាំ​មុខ ២-១ មុន​បញ្ចប់​តង់​ទី​មួយ។

២) Victor Osimhen

ទើប​តែ​បញ្ចប់​ការ​ប្រកួត កាល​ពី​ថ្ងៃ​ទី ០៥ ​កុម្ភៈ​កន្លង​ទៅ​នេះ ដែល​កីឡាករ​សញ្ជាតិ​នីហ្សេរីយ៉ា​អាច​រក​បាន ២ គ្រាប់​ជា​ចំណែក​ធំ ជួយ​ក្លឹប Napoli ​យក​ឈ្នះ​ទៅ​លើ Spezia ៣-០ ក៏​បន្ថែម ៣ ពិន្ទុ​នាំ​មុខ​ដាច់ នៅ​ចំណាត់ថ្នាក់​កំពូល​តារាង។

កីឡាករ​ដែល​មាន​កម្ពស់ ១,៨៦ ម៉ែត្រ ប្រហែល​នឹង Ronaldo ដែរ​នោះ បាន​ចារ​កំណត់ត្រា​ថ្មី​តាម​រយៈ​គ្រាប់​បាល់​ទី​មួយ ដោយ​នៅ​ពេល​ខ្សែ​ការពារ​ក្លឹប Spezia ​ផ្លោង​បាល់​ឡើង​ទៅ​លើ​ផុត ក្នុង​ប្រអប់ ក៏​ស្រាប់​តែ Osimhen បាន​រត់​សំដៅ​មក​ព្យាយាម​លោត​អស់​ពី​ខ្លួន ហើប​ជើង​ផុត​ពី​ដី​ដល់​រយៈ​កម្ពស់ ០,៧២ សង់ទីម៉ែត្រ មាន​ន័យ​ថា គ្រាប់​បាល់​បញ្ចប់​ទី​មួយ​នោះ ​មាន​កម្ពស់​សរុប ២,៥៨ ម៉ែត្រ សម្រេច​យក​ឈ្នះ​ទៅ​លើ​អតីត​សមាជិក Juventus។

១) Fikayo Tomori

កំណត់ត្រា​អ្នក​លោត​បញ្ចប់​ទី​ខ្ពស់​បំផុត​នៅ Serie A ធ្វើ​បាន​ដោយ​កីឡាករ​ក្លឹប AC Milan ​ឯ​ណេះ ហើយ​ជា​គ្រាប់​បាល់​ទល់​អតីត​ក្លឹប​ចាស់​របស់ Ronaldo ថែម​ទៀត នោះ​គឺ​ការ​យក​ឈ្នះ ៣-០ កាល​ពី​ចុង​ខែ​ឧសភា ឆ្នាំ ២០២១។

កំឡុង​ពេល​ខ្ចី​ជើង ពី Chelsea មក AC Milan មិន​ទាន់​ទិញ​ផ្តាច់ Tomori បាន​ចារ​កំណត់ត្រា​ថ្មី​សន្លាង​នៅ Serie A បាត់​ទៅ​ហើយ ដោយ​តាម​រយៈ​គ្រាប់​បាល់​របស់​កីឡាករ​កម្ពស់ ១,៨៥ ម៉ែត្រ រូប​នេះ អាច​ហើប​ជើង​ផុត​ពី​ដី ដល់ ០,៧៨ សង់ទីម៉ែត្រ នាំ​ឲ្យ​កម្ពស់​សរុប​នៃ​គ្រាប់​បាល់​នោះ ចូល​ដល់ ២,៦៣ ម៉ែត្រ ហើយ​មិន​ទាន់​មាន​នរណា​អាច​បំបែក​វា​បាន​ឡើយ មក​ទល់​បច្ចុប្បន្ន៕

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT