​សារព័ត៌មាន ​គឺ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​កម្ពុជា​ទៅ​ពិភពលោក​ ក្នុង​ពេល​ស៊ីហ្គេម-​អាស៊ាន​ប៉ារ៉ាហ្គេម​

វិស័យសារព័ត៌មានត្រូវបានចាត់ទុកថាជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពនូវ​អ្វីជាសច្ចៈភាពរបស់កម្ពុជា នា​ពេល​បច្ចុប្បន្ន​ទៅ​កាន់​ពិភពលោក​ តាម​រយៈ​ព្រឹត្តិការណ៍​កីឡា​ដ៏​អស្ចារ្យ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ លើក​ទី​៣២ ​និង​អាស៊ាន​ប៉ារ៉ាហ្គេម​ លើក​ទី​១២​ ជា​ប្រវត្តិ​សាស្ត្រ​ដំបូង​របស់​កម្ពុជា​ ក្រោយ​រង់​ចាំ​៦៤​ឆ្នាំ។

​នេះជា​ការលើក​ឡើង​របស់​ឯកឧត្តម ​វ៉ាត់ ចំរើន ​អគ្គលេខាធិការ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​ និង​អាស៊ានប៉ារ៉ាហ្គេម​ ឆ្នាំ២០២៣​ (CAMSOC/CAMAPGOC) នៅ​ក្រោយ​កិច្ចប្រជុំ​ជាមួយ​ឯកឧត្តម ​ផុស សុវណ្ណ ​ប្រតិភូ​រាជ​រដ្ឋាភិបាល​ អគ្គនាយក​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​ និងជាប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ​ និងគណៈកម្មការហ្គេមព័ត៌មានវិទ្យា នៃ CAMSOC​ នៅល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមជ្ឈម​ណ្ឌល​ប្រតិបត្តិការ​កីឡា​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ។

ឯកឧត្តម​ វ៉ាត់ ចំរើន​ មានប្រសាសន៍ថា​នេះជាកិច្ចការចុងក្រោយ​ដែលយើងនៅសល់ ៨៨ថ្ងៃទៀត ដល់​ថ្ងៃពិធីបើកស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ចាប់ពីខែមីនា ឆ្នាំ២០២៣ តទៅ​នឹង​ចាប់​ផ្តើម​រៀប​ចំ​ទីតាំង ​ការ​ទទួល​ចុះ​ឈ្មោះ​អ្នកសារព័ត៌មាន ​និងការធ្វើប័ណ្ណសម្រាប់សារព័ត៌មានជាតិ និង​អន្តរ​ជាតិ។​ ជាមួយគ្នានេះ ​ក្នុងនាមជាម្ចាស់ផ្ទះ​ កម្ពុជា​នឹង​ទទួល​បដិសណ្ឋារ​កិច្ច​ជូន​ដល់​អ្នក​សារព័ត៌មាន​អន្តរជាតិ​រាប់រយ​នាក់​ជាមួយ​នឹង​ការ​ផ្តល់​នូវ​មធ្យោបាយ​ផ្សេងៗ​ទៀត​ជូន​ដល់​ពួកគាត់​ប្រកប​ដោយ​ភាព​កក់ក្តៅ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT