កម្ពុជា ​ត្រូវ​ការ​អ្នក​ស្ម័គ្រ​ចិត្ត ៧ ០០០​នាក់ ​រៀប​ចំ​ស៊ីហ្គេម-ប៉ារ៉ាហ្គេម ២០២៣​

​គណៈកម្មាធិការជាតិ ​CAMSOC ​ត្រូវការ​អ្នក​ស្ម័គ្រ​ចិត្ត​ប្រមាណ ​៧ ០០០​នាក់ ​ដើម្បី​បម្រើ​ដល់​ព្រឹត្តិ​ការណ៍​ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម ២០២៣ ​ដែល​មាន​ប្រតិភូ​ប្រមាណ​ពី​៧ ទៅ​៨​ពាន់​នាក់​ចូលរួម។

​ក្នុង​សន្និសារព័ត៌មាន​ កាល​ពី​រសៀល​ថ្ងៃពុធ​នេះ ​គឺ​គណៈកម្មាធិការជាតិ​ CAMSOC ត្រូវ​ការ​អ្នក​ស្ម័គ្រ​ចិត្ត​ប្រមាណ​ ៧០០០នាក់​ ដើម្បី​បម្រើ​ដល់​ព្រឹត្តិការណ៍​ស៊ីហ្គេម​-​អាស៊ាន​ប៉ារ៉ាហ្គេម​ ដែល​មាន​ប្រតិភូ​ប្រមាណ​ពី​៧ ​ទៅ​៨​ពាន់​នាក់​ចូលរួម ​ហើយ​ឯកឧត្តម​បណ្ឌិត​ ថោង ខុន ​បាន​ដាក់​ក្ដី​សង្ឃឹម​ថា​ នឹង​បាន​ទទួល​នូវ​ការ​ចុះ​ឈ្មោះ​របស់​អ្នក​ស្ម័គ្រ​ចិត្ត​ ទៅ​តាម​តម្រូវ​ការ​នេះ។​

ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា៖ ​«​ថ្ងៃនេះ ​គឺ​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​សំខាន់​ណាស់។ យើង​ដឹង​ហើយ​ថា អ្នកស្ម័គ្រ​ចិត្ត​ គឺ​ជា​ DNA ​របស់​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ ​ហើយ​កន្លង​មក​យើង​ក៏​បាន ​ធ្វើ​ការ​រៀប​ចំ​បែងចែក ​គឺ​ការ​ចាត់តាំង ​ការ​ប្រើប្រាស់ ​របស់​គណៈកម្មការ​ស្ម័គ្រ​ចិត្ត​នេះ ​ទៅ​តាម​គ្រប់​ផ្នែក​អស់​ហើយ ​ក្នុង​នោះ​ក៏​មាន​នៅ​ក្នុង​គណៈកម្មការ​ជំនាញ​ផង​​ដែរ​ ដោយ​ខាង​មុខ​នេះ​ គណៈ​កម្មការ​ជំនាញ ​នឹង​ទទួល​យក​អ្នក​ស្ម័គ្រចិត្ត​ទាំងឡាយ ​ដើម្បី​ទៅ​ចូលរួម​ការងារ​ជាមួយ​គណៈកម្មការ​ជំនាញ ​ពិសេស​ក្នុង​ការ​រៀប​ចំ​ការ​ប្រកួត​គ្រប់​ប្រភេទ​កីឡា​ទាំងអស់ ​និង​ការងារ​ជំនាញ ដែល​មាន​ការ​ពាក់​ព័ន្ធ»។​

​ឯកឧត្តមបណ្ឌិត បានបន្ថែមថា​​៖ «ថ្ងៃនេះ ស.ស.យ.ក ឯកឧត្ដមប្រធាន ហ៊ុន ម៉ានី មាន​ការ​យក​ចិត្ត​ទុក​ដាក់​ណាស់។ ​នេះ​គឺ​ជា​ការ​យក​ចិត្ត​ទុក​ដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​ ស.ស.យ.ក ក្នុង​ការ​គាំទ្រ​ដល់​ព្រឹត្តិការណ៍​ស៊ីហ្គេម​របស់​យើង។ ​ក្រៅ​ពី​ការងារ ​ឯកឧត្តម​បាន​ដឹកនាំ ​Beyond the Games គឺ​ការងារ​ចូល​រួម​របស់​យុវជន​ស្ម័គ្រ​ចិត្ត​ ហើយ​ជា​ការងារ​មាន​សារៈ​សំខាន់ ​និង​ជា​ការ​គន្លឹះ​ ក្នុង​ការ​កំណត់​ជោគជ័យ​ នៃ​មហា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​នេះ»៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT