អាល្លឺម៉ង់ ​មិន​បណ្ដេញ​លោក Hansi Flick ​ពី​តំណែង​គ្រូ​បង្វឹក​នោះ​ទេ​

​សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់​នៅ​មិន​ទាន់​បណ្ដេញ លោក Hansi Flick ​ចេញ​ពី​តំណែង​គ្រូ​បង្វឹក​ក្រុម​​ជម្រើស​ជាតិ​នោះ​ទេ ​បើ​ទោះ​ជា​ក្រុម​ធ្វើ​មិន​បាន​ល្អ​នៅ​ព្រឹត្តិការណ៍ FIFA World Cup 2022 ​នេះ​ក៏​ដោយ។

​សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់​ជា​អ្នក​ចេញ​សេចក្ដី​សម្រេច​ផ្ទាល់​តែ​ម្ដង។ ពួកគេ​សម្រេច​បន្ដ​ផ្ដល់​ទំនុក​ចិត្ត​ដល់​លោក Flick ​ក្នុង​ការ​ដឹក​នាំ​ក្រុម​ទៀត​រហូត​ដល់ Euro 2024 ​។ ​ដោយ​ពួកគេ​ជឿ​ជាក់​ថា​អាល្លឺម៉ង់​អាច​នឹង​ត្រលប់​មក​ខ្លាំង​ម្ដង​ទៀត ​ក្រោយ​ពី​ទទួល​បាន​បទ​ពិសោធ​ល្អ​ៗ​ក្នុង​ការ​បរាជ័យ​នៅ World Cup 2022 ​។ ​ខណៈ​ដែល​ការ​ប្រកួត​ Euro 2024 គឺ​ធ្វើ​ឡើង​នៅ​ទឹក​ដី​អាល្លឺម៉ង​ផ្ទាល់​តែ​ម្ដង។ ​អាល្លឺម៉ង់​សង្ឃឹម​ថា​ព្រឹត្តិការណ៍​នេះ ​នឹង​អាច​ស្រោចស្រង់​កេរ្ដិ៍​ឈ្មោះ​ឡើង​វិញ។

​រំលឹក​ថា​តាំង​ពី​បាន​លើក​ពាន World Cup 2014 ​មក ​ក្រុម​អាល្លឺម៉ង់​លេង​ពាន​អន្ដរជាតិ​ធ្លាក់​ជើង​មែនទែន។ ​ជាក់​ស្ដែង​ក្នុង​ការ​លេង​ពាន​រង្វាន់ World Cup ​នេះ ពួកគេ​ធ្វើ​មិន​បាន​ល្អ​ទាល់​តែ​សោះ ​បើ​ទោះ​ជា​ដូរ​គ្រូ​បង្វឹក​ហើយ​ក៏​ដោយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT