Van Gaal ​ថា​ហុល្លង់​អាច​ឈ្នះ​ពាន World Cup 2022 ​បាន​

​លោក Luis van Gaal ​គ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិ​ហុល្លង់​បាន​អះអាង​ថា​ក្រុម​របស់​លោក​អាច​មាន​ឱកាស​ឈ្នះ​ពាន​រង្វាន់ FIFA World Cup 2022 ​នេះ​បាន​។

​ហុល្លង់​បាន​កក់​កៅអី​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ហើយ បន្ទាប់​ពី​ក្រុម​មួយ​នេះ​បាន​យក​ឈ្នះ​លើ​ក្រុម​អាមេរិក​បាន​ក្នុង​លទ្ធផល ​៣-១។ ​ជាមួយ​ការ​ធ្វើ​បាន​ល្អ ​និង​កំពុង​កាន់​កំណត់ត្រា​មិនចាញ់​នេះ​ដែរ ​ក្រុម​ហុល្លង់​ឡើង​ទៅ​វគ្គ​បន្ដ​នឹង​ប៉ះ​ជាមួយ​ក្រុម​អាហ្សង់ទីន​ដែល​ជា​ជើង​ខ្លាំង​នៅ​អាមេរិក​ឡាទីន​ថែម​ទៀត។ ​តែ​បើ​ទោះ​ជា​ប៉ះ​គីឡូ​ធ្ងន់​យ៉ាង​នេះ​ក្ដី ​លោក Van Gaal ​នៅ​តែ​ជឿ​ជាក់​លើ​កូន​ក្រុម ​និង​អះអាង​ថា​អាច​ឡើង​ទៅ​វគ្គ​បន្ដ​បាន​។

​អតីត​គ្រូ​បង្វឹក Manchester United ​បាន​និយាយ​ថា​៖ “យើង​អាច​ជា​ជើង​ឯក​បាន ​ខ្ញុំ​មិន​និយាយ​ថា​យើង​នឹង​នោះ​ទេ ប៉ុន្តែ​យើង​អាច​ធ្វើ​បាន​។ ​ខ្ញុំ​បាន​និយាយ​រឿង​នេះ​ជាង​១​ឆ្នាំ​មក​ហើយ។ ខ្ញុំ​និយាយ​បែប​នេះ ​ខ្ញុំ​រង​ការ​រិះគន់​ច្រើន​ទៅ​លើ​ការ​លេង​របស់​យើង បើ​ទោះ​ជា​យើង​ធ្វើ​បាន​ល្អ​ហើយ​ក្ដី។ ​យើង​នឹង​សិក្សា​បន្ដ​ទៀត​ទៅ​លើ​ការ​គ្រប់គ្រង​បាល់ ប៉ុន្តែ​ក្រុម​របស់​យើង​ពិត​ជា​ធ្វើ​បាន​ល្អ​ហើយ”។

Van Gaal ​វ័យ​៧១​ឆ្នាំ​ជា​គ្រូ​បង្វឹក​ដែល​ចាស់​ជាង​គេ​ក្នុង​ព្រឹត្តិការណ៍ FIFA World Cup 2022 ​នេះ តែ​លោក​ក៏​កំពុង​ដឹក​នាំ​ក្រុម​ហុល្លង់​លេង​១៩​ប្រកួត​ដោយ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ផង​ដែរ។ ​ការ​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ​ក្រុម​ហុល្លង់​នឹង​ប៉ះ​ជាមួយ​ក្រុម​អាហ្សង់ទីន​ដែល​ជា​ជើង​ខ្លាំង​មួយ​ផង​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT