បណ្តាសារ​ទម្លាក់​ម្ចាស់​ជើង​ឯក World Cup ៣ សម័យ​កាល​ជាប់ បារាំងដោះឲ្យសាបហើយនៅកាតា

គិត​ត្រឹម​រសៀល​ថ្ងៃ​ចន្ទ​នេះ ​យើង​បាន​រក​ឃើញ​ក្រុម​ចំនួន ១ ដែល​ត្រូវ​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់ ១៦ ក្រុម​ចុង​ក្រោយ​គឺ​មាន់​គក​បារាំង និង​ ២ ក្រុម​ដែល​ត្រូវ​ហាលអាវ គឺ​ម្ចាស់ផ្ទះ​កាតារ និង​កាណាដា។ យ៉ាង​ណា​យើង​ចាប់​អារម្មណ៍​ទៅ​លទ្ធផល​ក្នុង​ពូល D ក្រៅ​តែ​ពី​មើល​ឃើញ​ជម្រើស​ជាតិ​ដឹកនាំ​ដោយ​លោក Didier Deschamps ធ្វើ​បាន ៦ ពិន្ទុ​ដាច់ ទៀត​សោត​ក៏​រាប់​ជា​ការ​ដោះបណ្តាសារ​លើ​ម្ចាស់​ជើង​ឯក​រដូវ​កាល​ចាស់ ធ្លាប់​កើត​មាន ៣ សម័យ​កាល​ជាប់ តាំង​ពី​លើ​ក្រុម​ឈ្នះ​ជើង​ឯក​ឆ្នាំ ២០០៦។

នោះ​គឺ​មាន​ន័យ​ថា ឲ្យ​តែ​ក្រុម​ណា​ជា​ម្ចាស់​ជើង​ឯក​សម័យ​កាល​ចាស់ លុះ​មក​ដល់​ World Cup សម័យ​កាល​បន្ទាប់ ពួក​គេ​មិន​ដែល​ធ្វើ​បាន​ល្អ​ឡើយ ពោល​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល ឬ ៣២ ក្រុម បន្តបន្ទាប់​ជាប់​គ្នា អស់​រយៈ​ពេល ១២ ឆ្នាំ​ហើយ រហូត​ទើប​តែ​មក​ដល់​ឆ្នាំ ២០២២ បែរ​ជា​បារាំង​អាច​ដោះ​បណ្តាសារ​នេះ​បាន៖

១) អ៊ីតាលី​ហាល​អាវ​នៅ​ឆ្នាំ ២០១០

ឈ្មោះ​ជា​ម្ចាស់​ជើង​ឯក World Cup ឆ្នាំ ២០០៦ មក​ដល់​សម័យ​កាល​ថ្មី ក៏​ជឿ​ថា​ក្រុម​ឯ​ទៀត ​ប្រាកដ​ជា​មាន​ការ​ខ្លាចរអា​មិន​ខាន តែ​មាន​ឯ​ណា​លទ្ធផល​បែរ​ផ្ទុយ​ស្រឡះ ដោយ​អ៊ីតាលី​បញ្ចប់​លទ្ធផល​នៅ​វគ្គ​ចែក​ពូល ឈរ​ក្រោម​គេ​បង្អស់​គឺ​លេខ ៤។

ស្ថិត​ក្នុង​ពូល F ប៉ារ៉ាហ្គាយ ឈរ​លេខ ១ ទទួល​បាន ៥ ពិន្ទុ​ចាប់​ដៃ​ស្លូវ៉ាគី​ជា​ក្រុម​លេខ ២ បាន ៤ ពិន្ទុ​ឡើង​ទៅ​កាន់​វគ្គ ១៦ ក្រុម ស្រប​ពេល​នូវែលហ្សេឡង់ និង​អ៊ីតាលី​ហាល​អាវ​ត្រឹម​វគ្គ​នេះ។

២) អេស្ប៉ាញ​ហាល​អាវ​នៅ​ឆ្នាំ ២០១៤

ដូច​ប្រិយមិត្ត​ជា​ច្រើន​បាន​ដឹង អេស្ប៉ាញ​គឺ​ជា​ម្ចាស់​ជើង​ឯក World Cup ឆ្នាំ ២០១០ ក្រោយ​បំបាក់​ហូឡង់ ១-០ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ តែ​ចូល​ដល់​សម័យ​កាល​បន្ទាប់ ២០១៤ ពួក​គេ​បែរ​ជា​មិន​អាច​ឆ្លង​ផុត​វគ្គ​ចែក​ពូល ដូច​បណ្តាសារ​ការ​ធ្លាក់​របស់​អ៊ីតាលី​ដែរ។

ស្ថិត​ក្នុង​ពូល B ពេល​នោះ​ក្រុម​គោ​ជល់​អេស្ប៉ាញ យក​បាន​ត្រឹម ៣ ពិន្ទុ ធ្លាក់​ទៅ​ជាមួយ​អូស្រ្តាលី ហើយ​ហូឡង់​បាន ៩ ពិន្ទុ​ពេញ ដឹក​ដៃ​ឈីលី​បាន ៦ ពិន្ទុ​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់។

៣) អាល្លឺម៉ង់​ហាល​អាវ​នៅ​ឆ្នាំ ២០១៨

នៅ​ឆ្នាំ ២០១៤ ដែល​ប្រេស៊ីល​ធ្វើ​ជា​ម្ចាស់ផ្ទះ FIFA World Cup ក្រុម​ឈ្នះ​ជើង​ឯក បាន​ទៅ​លើ​ឥន្ទ្រីយ៍​ដែក​អាល្លឺម៉ង់ តែ​រំលង​ ៤ ឆ្នាំ​បន្ទាប់ ២០១៨ ពួក​គេ​បែរ​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល​ដូច​បណ្តាសារ​អ៊ីតាលី/អេស្ប៉ាញ ២ សម័យ​កាល​មុន​ដែរ។

អាល្លឺម៉ង់​ឈរ​លេខ ៤ ស្មើ​ពិន្ទុ​នឹង​កូរ៉េ​ខាង​ត្បូង ហើយ​បាន​អនុញ្ញាត​ឲ្យ​ស៊ុយអែត និង​ម៊ិកស៊ីកូ តំណាង​ពីរ​ក្រុម​ល្អ​បំផុត​ក្នុង​ពូល F ឡើង​ទៅ​វគ្គ ១៦ ក្រុម។ ក្នុង​សម័យ​កាល ២០១៨ គឺ​មាន់​គក​បារាំង​ជា​ម្ចាស់​ជើង​ឯក តែ​រំលង ៤ ឆ្នាំ​បន្ទាប់ ២០២២ នេះ ពួក​គេ​បែរ​ធ្វើ​បាន​ល្អ ក៏​ជា​ក្រុម​ដំបូង​បាន​ឡើង​ទៅ​វគ្គ​បន្ទាប់​ទៅ​វិញ ម្ល៉េះ​មាន​ន័យ​ថា​បណ្តាសារ ៣ សម័យ​កាល​ជាប់ គឺ​បាន​សាប​ហើយ​នៅ​កាតារ​សារ​នេះ៕

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT