កីឡាករ​​យក​ឈ្នះ​អាល្លឺម៉ង់ ត្រង់​អ្នក​គាំទ្រ​ជប៉ុន​យក​ឈ្នះ​បេះដូង​មនុស្សជាតិ​ទូទាំង​សកលលោក

​នៅ​វគ្គ​ចែក​ពូល FIFA World Cup 2022 ដែល​កំពុង​តែ​ដំណើរការ​យ៉ាង​ជក់ចិត្ត ហាក់​បាន​ដិត​ជាប់​នូវ​ការ​ចងចាំ​ដ៏​ល្អ​សម្រាប់​ប្រទេស​តូចៗ​មួយ​ចំនួន បន្ទាប់​អាច​យក​ឈ្នះ​ជម្រើស​ជាតិ​គីឡូ​ធ្ងន់ ជាក់ស្តែង​ដូច​អារ៉ាប៊ីសាអ៊ូឌីត បំបាក់​អាហ្សង់ទីន ហើយ​ជប៉ុន​កាច់​ស្លាប​ឥន្ទ្រីយ៍​ដែក​អាល្លឺម៉ង់​កាល​ពី​យប់មិញ។

សាច់​បាល់​របស់​ជប៉ុន​លេង​ទល់​អាល្លឺម៉ង់ ប្រហែល​នឹង​លទ្ធផល​កើត​មាន​រវាង​ក្រុម​មក​ពី​អាមេរិក​ឡាទីន​និង​មជ្ឈិមបូព៌ា​មុន​នោះ​ដែរ ដោយ​តង់​ទី ១ ខាង​ក្រុម​មាន FIFA Ranking ខ្ពស់​ជាង បាន​បើក​ការ​នាំ​មុខ ដល់​ចូល​តង់​ទី ២ លទ្ធផល​បែរ​ផ្ទុយ​ស្រឡះ។

CTS Sports បង្ហាញ​ឲ្យ​ប្រិយមិត្ត​បាន​ស្គាល់​អំពី​កីឡាករ​រក​គ្រាប់​បាល់​យក​ឈ្នះ​ឲ្យ​សាំមូរ៉ៃ​ខៀវ និង​ទម្លាប់​ប្រជាជន​ជប៉ុន ដល់​ទទួល​បាន​ការ​សាទរ​ពី​មនុស្ស​ជាតិ​ទូទាំង​សកលលោក៖

១) រៀន​ចូល​សម្បុក​ឥន្ទ្រីយ៍ ដើម្បី​កាច់​ស្លាប​ឥន្ទ្រីយ៍

មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ទេ តែ​វា​គឺ​ជា​យុទ្ធសាស្ត្រ​សុទ្ធសាធ ដែល​អ្នក​ចាត់ការ​មិន​បាន​រំលង​ការ​ប្រើប្រាស់ Takuma Aasano និង Ritsu Doan។ តើ​អ្នក​ដឹង​ទេ កីឡាករ​លេង​តំបន់​ប្រយុទ្ធ​ទាំង​ពីរ សុទ្ធ​សឹង​ជា​កីឡាករ​អាជីព​កំពុង​ឈរ​ជើង​ឲ្យ​ក្លឹប​នៅ​ឯ​លីគ​កំពូល​អាល្លឺម៉ង់។

ខ្សែ​ប្រយុទ្ធ​ Doan ជា​អ្នក​រក​បាន​គ្រាប់​បាល់​ទី​មួយ​ឲ្យ​ជប៉ុន​តាម​ស្មើ​អាល្លឺម៉ង់ គេ​គឺ​ជា​ស្លាប​ប្រយុទ្ធ​ដ៏​សកម្ម ឈរ​ជើង​ឲ្យ​ក្លឹប SC Freiburg ជា​ក្លឹប​ឈរ​លេខ​រៀង​ទី ២ នៅ​ក្របខ័ណ្ឌ​កំពូល Bundesliga។ កីឡាករ​វ័យ ២៤ ឆ្នាំ ស្ថិតិ​ឲ្យ​ក្លឹប Freiburg បង្ហាញ​ខ្លួន ២២ ប្រកួត ក៏​រក​បាន ៤ គ្រាប់​និង Assist ៤ លើក​ផង​ដែរ។

ចំណែក​ឯ Asano ក៏​រាប់​ថា​គេ​ជា​កីឡាករ​យល់​ពី​តាក់តិច និង​ការ​លេង​របស់​កីឡាករ​អាល្លឺម៉ង់​ច្បាស់​ដូច​គ្នា ដ្បិត​អី​សព្វថ្ងៃ​ជា​សមាជិក​ក្លឹប VfL Bochum ជា​ក្លឹប​ឈរ​នៅ​បាត​តារាង Bundesliga។ នៅ​ក្របខ័ណ្ឌ​កំពូល​អាល្លឺម៉ង់​រដូវ​កាល​នេះ Asano ក៏​បាន​រំលេច​វត្តមាន​ជាង ៤០០ នាទី ហើយ​មុន​នេះ គេ​ក៏​ធ្លាប់​ហែលកាត់​បទពិសោធន៍​ជាមួយ​ក្លឹប Hannover 96 និង Stuttgart ពីរ​ផ្សេង​ទៀត។

២) ទម្លាប់​ដ៏​ល្អ​របស់​ប្រជាជន​ជប៉ុន

មិន​ថា​ចាញ់​ឬ​ឈ្នះ ទម្លាប់​របស់​ជនជាតិ​ជប៉ុន​សឹង​តែ​ទាំង​អស់ ឲ្យ​តែ​ទៅ​ដល់​ទី​ណា គឺ​ទី​នោះ​ត្រូវ​តែ​ស្អាត ទោះ​សំរាម​ក្នុង​កីឡដ្ឋាន​មិន​មែន​ជា​កាកសំណល់​បោះ​ចោល​ខ្លួន​ឯង​ក៏​ដោយ ក្រោយ​ចប់​ការ​ប្រកួត​ពួក​គាត់​តែង​ដើរ​ប្រមូល យ៉ាង​ហោច​ក៏​បាន​ម្នាក់​មួយ​ថង់​ពីរ ទើប​ដើរ​សំដៅ​ចាកចេញ​ទៅ។

អ្នក​គាំទ្រ​ទូទាំង​សកលលោក ដែល​កំពុង​ចាប់​អារម្មណ៍​ជាមួយ​ព្រឹត្តិការណ៍​បាល់ទាត់​កើត​មាន ៤ ឆ្នាំ​ម្តង FIFA World Cup បាន​បង្ហាញ​ការ​ស្ងើចសរសើរ និង​សាទរ​ជា​ពន់ពេក ដល់​ទម្លាប់​របស់​ជនជាតិ​ជប៉ុន។ តាម​ថា​ទៅ​មិន​ត្រឹម​តែ​ក្នុង​កីឡដ្ឋាន​នោះ​ទេ ទៀត​សោត​សូម្បី​ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់ ក៏​កីឡាករ​បាន​រៀបចំ​យ៉ាង​មាន​របៀបរៀបរយ ហើយ​កាយវិការ​ទាំង​អស់​នេះ​សោត ក៏​មាន​ការ​ចែករំលែក​រាប់​សិប​មុឺន​ដង ដើម្បី​ឲ្យ​ជា​ការ​ចងចាំ និង​ជា​គំរូ​ដ៏​ល្អ​សម្រាប់​កីឡាករ ក៏​ដូច​ជា​ក្មេងៗ​ជំនាន់​ក្រោយ​នៃ​ជម្រើស​ជាតិ​ដទៃ៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT