ឯកឧត្តបណ្ឌិត ថោង ខុន៖ កីឡាជាតិលើកទី៣ ​ផ្ដល់​បទ​ពិសោធ​ល្អ​ៗ​ដល់​កម្ពុជា​

ឯកឧត្តបណ្ឌិត ថោង ខុន ​បាន​អះអាង​ថា​ការ​រៀប​ចំ​កីឡាជាតិលើកទី៣ ​ជាការ​ផ្តល់អត្ថប្រយោជន៍ និង​បទពិសោធល្អៗ ​ឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣។

​ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ និង​ជា​ប្រធានគណៈ​កម្មាធិការជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) ​មាន​ប្រសាសន៍​ថា៖​ ក្រោយ​ពីទទួល​បាន​ការ​អនុញ្ញាត​ពី​រាជ​រដ្ឋាភិបាលកម្ពុជា​ ដោយ​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និងកីឡា ​និង​សហព័ន្ធកីឡាជាតិ​ បាន​រៀបចំ​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ជាតិ ​លើកទី៣​ និងកីឡាជាតិប៉ារ៉ាហ្គេម ​លើកទី១ ឆ្នាំ២០២២នេះ ​គឺ​សសរ​ស្តម្ភ​ទាំង​៣ ​បាន​សហការ​គ្នា​យ៉ាង​ជិតស្និទ្ធ ​និង​ឯកភាព​រៀបចំ​តាម​និយាម​ស្តង់ដា​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម ​ដើម្បីផ្តល់អត្ថប្រយោជន៍ដល់មន្ត្រីបច្ចេកទេស ​អ្នកស្ម័គ្រចិត្ត កីឡាករ កីឡាការិនី ពិសេស​សហព័ន្ធ​កីឡា​ជាតិ​ បានរៀនសូត្រពីការអនុវត្តផ្ទាល់ ​និងបទពិសោធល្អៗ ក្នុងការដឹកនាំគ្រប់គ្រង ត្រៀម​ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់​ផ្ទះ ​ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ​២០២៣។ នេះ​ជា​ប្រសាសន៍​របស់​ឯក​ឧត្ដមបណ្ឌិត​ថ្លែងរាយការណ៍ ក្នុងឱកាសបើកការប្រកួតកីឡាជាតិ លើកទី៣ និង​កីឡា​ជាតិ​ប៉ារ៉ាហ្គេម ​លើកទី១ នៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោម​វត្តមាន​ដ៏ខ្ពង់ខ្ពស់​សម្តេចតេជោ​ ហ៊ុន សែន។

ព្រឹត្តិការណ៍​កីឡា​ជាតិ​នេះ​ ត្រូវ​បាន​យក​ចិត្តទុក​ដាក់ខ្ពស់ ​ក្នុងការគ្រប់គ្រងពហុកីឡា​ ការ​យល់​ដឹង​ពី​រូបមន្ត​ស្តង់ដា​គ្រប់គ្រង​រួម​មួយ​ ដែលផ្តល់ការយកចិត្តទុកដាក់របស់សសរស្តម្ភទាំង៣​ គឺ​ជា​ការ​ចាំ​បាច់​ ក្នុងនោះរួមមាន៖​ ១.ការរៀបចំបច្ចេកទេសកីឡា ដែលជាតួនាទីរបស់សហព័ន្ធកីឡាជាតិ ២.​ការ​រៀប​ចំ​បដិសណ្ឋារ​កិច្ច ប្រតិភូកីឡា ជាមួយនឹងការដឹកជញ្ជូន ហូបចុកស្នាក់នៅ សន្តិសុខ​សណ្តាប់​ធ្នាប់​ សុខាភិបាល ​និងពិធីការកីឡា ៣​.ពិធីបើក-បិទ និងពិធីកីឡាផ្សេងៗទៀត។

សសរស្តម្ភធំៗ​ទាំងបីខាង​លើ​នេះ ​បាន​រៀបចំប្រកបដោយស្តង់ដា​ជំនាញវិជ្ជាជីវៈកីឡាជាមួយ​នឹងកិច្ច​សហ​ប្រតិបត្តិ​ការ​យ៉ាងល្អពី​គ្រប់​ភាគី​ពាក់ព័ន្ធ ​ដោយប្រទាក់ក្រឡាគ្នាបានល្អនោះ ​នឹង​ជំរុញ​ឲ្យទិវា​កីឡា​ ក្លាយជាបុណ្យកីឡាដ៏អធិកអធមប្រកបដោយកិត្តិយស កិត្យានុភាព និងមោទកភាព ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT