មោទកភាព​ណាស់! ​ខាន់ ចេសា ​យក​មេដាយ​មាស​ពិភព​លោក​ជូន​កម្ពុជា​ទៀត​ហើយ​

​វីរកីឡាការិនីជឺជីតស៊ូជម្រើសជាតិ ខាន់ ចេសា ដណ្ដើមបានមេដាយមាស​ក្នុង​ព្រឹត្តិការណ៍ ប្រកួត​កីឡា​ជឺជីតស៊ូ​ជើង​ឯក​ពិភពលោក Ju-Jitsu World Championship 2022 នៅទីក្រុងអាប៊ូដាប៊ី ប្រទេស​អា​រ៉ាប់​រួម បន្ទាប់ពីឈ្នះកីឡាការិនីអេស្ប៉ាញ Matthews Martin Naiomi ដោយពិន្ទុក្នុងវគ្គផ្ដាច់ព្រ័ត្រ។

កីឡាការិនី​កូន​កាត់ខ្មែរ-អាមេរិក-ម៉ិកស៊ិក ​ខាន់ ចេសា ​បានធ្វើការប្រកួតលើវិញ្ញាសា Jiu Jitsu (Newaza) ​ទម្ងន់ក្រោម ៥២គីឡូក្រាម ដែលវិញ្ញាសានេះ មានបេក្ខភាពប្រកួតប្រជែង ១៧រូប ដោយ​ប្រើ​រូបមន្ត​ឈ្នះឡើង ចាញ់ធ្លាក់ ។ សម្រាប់កីឡាការិនីកម្ពុជា ខាន់ ចេសា បានឆ្លងកាត់ការប្រកួត និងទទួលបានជ័យជម្នះចំនួន ៥ប្រកួតជាប់ៗគ្នា ដើម្បីគ្រងតំណែងជើងឯកលើវិញ្ញាសានេះ។

លទ្ធផលការប្រកួត ក្នុងនាមកីឡាករឈរចាំនៅជុំទី២ ខាន់ ចេសា បានទទួលជ័យជម្នះយ៉ាងត្រចះត្រចង់ រួមមាន៖

-ជុំទី២៖ ផ្ដួលកីឡាការិនីហ្វីលីពីន Baluyot Ashley Jeraine ឲ្យបោះបង់ការប្រកួត ដោយប្រើពេលត្រឹម ២នាទី និង ២៣វិនាទី។

-ជុំទី៣៖ ផ្ដួលកីឡាការិនីម្ចាស់ផ្ទះអារ៉ាប់រួម Shraim Maitha ដោយប្រើពេលត្រឹមតែ ៥៣វិនាទីប៉ុណ្ណោះ។

-ជុំទី៤ ឬវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៖ ផ្ដួលកីឡាការិនីអ៊ីស្រាអ៊ែល Aronov Pnina ឲ្យបោះបង់ការប្រកួត ដោយប្រើពេល ៣នាទី និង ១៩វិនាទី ។

-ជុំទី៥ ឬវគ្គផ្ដាច់ព្រ័ត្រ៖ វីរកីឡាការិនី ខាន់ ចេសា នៅតែធ្វើបានយ៉ាងល្អ ដោយយកឈ្នះកីឡាការិនីអេស្ប៉ាញ Matthews Martin Naiomi ដោយពិន្ទុ បន្ទាប់ពីប្រើពេល៦នាទីដើម្បីក្លាយជាម្ចាស់មេដាយមាសតែម្ដង ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT