Lewandowski ថាគាត់ពិតជាចង់ស៊ុតបញ្ចូលទី Bayern Munich ប៉ុន្តែដូចមានអ្វីក្នុងចិត្តមករារាំង

ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លឹប Barcelona មិនសប្បាយចិត្តទេ នៅពេលគាត់ត្រលប់មកកីឡដ្ឋាន Allianz Arena ដើម្បីជួបជាមួយអតីតក្រុម Bayern Munich ក្នុងពានរង្វាន់ UEFA Champions League។

ក្រុម Barcelona បានធ្វើដំណើរទៅកាន់ទីក្រុង Munich សម្រាប់ការប្រកួតលើកទីពីររបស់ពួកគេនៃរដូវកាល UCL ដែលកំពុងបន្ត ប៉ុន្តែត្រូវបានរងការបរាជ័យក្នុងលទ្ធផល ២-០ ក្រោមថ្វីដៃរបស់ក្លឹបយក្ស Bundesliga។

Lewandowski ដែលបានផ្លាស់ពី Bayern ទៅ Barcelona នៅរដូវក្តៅនេះ បានត្រលប់ទៅអតីតក្លឹបរបស់គាត់វិញត្រឹមតែពីរបីខែបន្ទាប់ពីការផ្ទេររបស់គាត់។ ការផ្ទេរតម្លៃ ៤៥ លានអឺរ៉ូបានកើតឡើង បន្ទាប់ពីកីឡាករសញ្ជាតិប៉ូឡូញរូបនេះបានបញ្ជាក់យ៉ាងច្បាស់ថាគាត់ចាកចេញ។

ប៉ុន្តែ​គាត់​មិន​សប្បាយ​ចិត្ត​នឹង​ការ​ត្រឡប់​ទៅ​កីឡដ្ឋាន Allianz Arena វិញ​យ៉ាង​ឆាប់​រហ័សបែបនេះ​នោះ​ទេ។

Lewandowski បានប្រាប់សារព័ត៌មានប៉ូឡូញ Przeglad Sportowy ថា “និយាយតាមត្រង់ទៅ ខ្ញុំមិនសប្បាយចិត្តក្នុងការត្រលប់មកលេងនៅ Allianz Arena លឿនពេកនោះទេ។ បើនិយាយពីអារម្មណ៍ វាគឺជាការប្រកួតមួយដែលមិនដូចអ្នកផ្សេងនោះទេ វាមានន័យធំលើសពីបាល់ទាត់”។

គាត់​បាន​បន្ថែមទៀតថា៖

“ខ្ញុំបានចំណាយពេល ៨ ឆ្នាំនៅក្នុងទីក្រុង Munich ស៊ុតបញ្ចូលទីបានរាប់រយគ្រាប់ ឈ្នះអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ហើយភ្លាមៗនោះត្រូវលេងទល់នឹងមិត្តរួមក្រុម និងមិត្តភក្តិរបស់ខ្ញុំ។ ខ្ញុំគឺជាមនុស្ស វាមិនអាចទៅរួចទេក្នុងការលុបចោលរឿងរ៉ាវទាំងនោះភ្លាមៗ ខ្ញុំចង់ណាស់ ប៉ុន្តែសញ្ញាសួរបានលេចឡើងនៅលើក្បាលរបស់ខ្ញុំ”។

ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញដែលស៊ុតបញ្ចូលទីបាន ៣៤៤ គ្រាប់ឱ្យ Bayern Munich ឆ្លងកាត់ការប្រកួតនានា និងបានរីកចម្រើនក្លាយជាវីរបុរសរបស់ក្លឹបបានសារភាពថាវាគឺជា “ការប្រកួតដ៏លំបាកបំផុត” ក្នុងជីវិតរបស់គាត់។

“បើនិយាយពីអារម្មណ៍ វាជាការប្រកួតដ៏លំបាកបំផុតក្នុងជីវិតរបស់ខ្ញុំ។ អារម្មណ៍បានរំជើបរំជួលនៅក្នុងខ្លួនខ្ញុំ ខ្ញុំចង់ស៊ុតបាល់បញ្ចូលទី ប៉ុន្តែអ្វីមួយនៅខាងក្នុងមករារាំងចិត្ត។ មិនអាចបំភ្លេចរឿងរ៉ាវរយៈពេល ៨ ឆ្នាំក្នុងរយៈពេលតែពីរបីសប្តាហ៍ ប៉ុន្តែវានៅរឿងនៅពីក្រោយ”៕

ប្រភព៖ sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT