សហព័ន្ធ​បាល់ទះ​សម្រេច​ចុះ​កិច្ច​សន្យា​ផ្លូវការ ​ជាមួយ​គ្រូបង្វឹក ​គុយបា​ ២​រូប​

​សហព័ន្ធកីឡាបាល់ទះកម្ពុជា ​បានសម្រេចចិត្តចុះកិច្ចសន្យាផ្លូវការ​ ជាមួយ​គ្រូ​បង្វឹក​បាល់ទះ​ជនជាតិ​គុយបា ទាំង២រូប ​ជាផ្លូវការហើយ​ ក្រោយពិនិត្យមើលឃើញពីបច្ចេកទេស និង​ការបង្ហាត់​ដល់​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា ​ទាំងក្នុងសាល​ និងបាល់ទះឆ្នេរខ្សាច់ ​អស់មួយរយៈរួចមក។

ការចុះកិច្ចសន្យានេះ ធ្វើឡើងនារសៀលថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅ​ទីស្នាក់​ការ​របស់​សហព័ន្ធ​កីឡាបាល់ទះកម្ពុជា ក្នុងវិមានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។ ជាមួយគ្នានេះដែរ ក៏​មាន​ការ​ចូលរួមជាសាក្សី ពីសំណាក់មន្រ្តីរបស់សហព័ន្ធ ក្រុមគ្រូបង្វឹក និង​កីឡាករ​ជម្រើសជាតិ​កម្ពុជា​មួយ​ចំនួន ជាពិសេស មានការចូលរួមរបស់លោកជំទាវ Liurka Rodríguez Barrios លោក​ជំទាវ​ឯកអគ្គរដ្ឋ​ទូត​គុយបា​ ប្រចាំ​នៅ​កម្ពុជា​ផង​ដែរ។

លោក​បណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បាន​លើក​ឡើង​ក្រោយ​បន្ថែម​ក្បាល​ម៉ាស៊ីន​ ក្នុងក្រុមបាល់ទះជម្រើសជាតិកម្ពុជា ថា៖ «តាមរយៈការជួយជ្រោមជ្រែង ពី​សំណាក់ ​លោកជំទាវអគ្គរដ្ឋទូតគុយបា ប្រចាំនៅកម្ពុជា ពេលនេះ យើងបានសម្រេចចុះកិច្ចសន្យា ជាមួយ​នឹងលោក Karell Pena Ventoza ជាគ្រូបង្វឹកបាល់ទះឆ្នេរខ្សាច់បុរស ហើយលោក Berto Friol Barrios ​ជាគ្រូជំនួយក្រុមបាល់ទះក្នុងសាលបុរស។ ក្រោយយើងធ្វើតេស្តសាកល្បង ពិនិត្យលើការផ្តល់តិចនិច និងទស្សនវិស័យមួយចំនួន ស្របតាមអ្វីដែលឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធ និងឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធ ចង្អុលបង្ហាញ។ ក្នុងន័យតែមួយគត់ គឺយើងចង់បានមេដាយមាស ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម។ ប៉ុន្តែ អ្វីៗជាការប្រកួតលើទីលានវាមិនស្រួលយើងនិយាយនោះទេ។ តើជាក់ស្តែងយើងធ្វើបានកម្រិតណា? ហើយខ្ញុំជឿជាក់ថា ការបន្ថែមគ្រូបង្វឹកទាំង២នាក់នេះ មកជួយយើងឱ្យមានសង្ឃឹមកាន់តែធំ ក្នុងការប្រជែងយកមេដាយមាស»។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT