Suarez ​កំពុង​នៅ Free ​មិន​ទាន់​មាន​ក្លឹប​លេង ​ក្រោយ​ចេញ​ពី Nacional

​ខ្សែ​ប្រយុទ្ធ​ Luis Suarez ​កំពុង​ស្ថិត​នៅ Free ​Transfer មិន​ទាន់​មាន​ក្លឹប​លេង​នោះ​ទេ បន្ទាប់​ពី​គេ​នឹង​ចាកចេញ​ពី​ក្រុម Nacional ​នៅ​ពេល​ចប់​លីគ​អ៊ុយរុយហ្គាយ​ទៅ។

​មិន​ទាន់​មាន​ការ​ប្រកាស​ផ្លូវការ​ឬ​បង្ហោះ​រូប​ពី​សំណាក់​កីឡាករ​និង​ក្លឹប​នៅ​ឡើយ​ទេ ប៉ុន្តែ​ប្រធាន​ក្លឹប​ឯ​ណោះ​ទៅ​វិញ​ដែល​បាន​បង្ហើប​រឿង Suarez ​ចាកចេញ​នេះ។ ​លោក Jose Fuentes ​ប្រធាន​ក្លឹប Nacional ​បាន​និយាយ​ថា​៖ “ពេល​លីគ​អ៊ុយរុយហ្គាយ​ចប់ Suarez ​នឹង​ចាកចេញ នេះ​ជា​អ្វី​ដែល​យើង​បាន​ព្រមព្រៀង​គ្នា​នៅ​ពេល​គាត់​ចូល​រួម​ជាមួយ​យើង។ ខ្ញុំ​និយាយ​នេះ​កុំ​ឱ្យ​មាន​អ្នក​គាំទ្រ​រំពឹង​ច្រើន​​ពី​គាត់​នា​រដូវ​កាល​បន្ទាប់ ព្រោះ Suarez ​នឹង​ចាកចេញ​ហើយ។ យើង​បាន​សួរ​គាត់​ម្ដង​ទៀត​ដែរ ប៉ុន្តែ​ចម្លើយ​នៅ​តែ​ដដែល គាត់​នឹង​ចាកចេញ”។

​រំលឹក​ថា​ខ្សែ​ប្រយុទ្ធ​វ័យ​៣៥​ឆ្នាំ​បាន​ចាកចេញ​ពី​ក្រុម Atletico Madrid ​ហើយ​ចូល​រួម​ជាមួយ​ក្រុម Nacional ​កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ។ ​ការ​ទៅ​លេង​នៅ​លីគ​នៅ​ឯ​ស្រុក​កំណើត​នេះ ​រូបគេ​រក​បាន​៤​គ្រាប់​ដែរ​ក្នុង​ការ​បង្ហាញ​ខ្លួន​៨​ប្រកួត​មក​នេះ។ ​តែ​នៅ​ពេល​លីគ​ប្រទេស​អ៊ុយរុយហ្គាយ​បញ្ចប់ ​នោះ​គេ​នឹង​ចាកចេញ​ហើយ ព្រោះ​តាម​បំណង Suarez ​ចង់​បន្ដ​អាជីព​នៅ​អឺរ៉ុប​ច្រើន​ជាង។ ​អតីត​ខ្សែ​ប្រយុទ្ធ ​Barcelona ​រូប​នេះ ​ចង់​លេង​នៅ​អឺរ៉ុប ​ដើម្បី​ពង្រឹង​សមត្ថភាព​ត្រៀម​លេង FIFA World Cup 2022 ​ខាង​មុខ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT