Barcelona ​ចង់​បាន Asensio ​ពី​ក្រុម Real Madrid

​ក្រុម FC Barcelona ​ចង់​បាន​ខ្សែ​ប្រយុទ្ធ Marco Asensio ​ពី​ក្រុម Real Madrid ​ក្រោយ​ពី​ឃើញ​កីឡាករ​អេស្ប៉ាញ​នេះ​មិន​សូវ​បាន​លេង​ទេ​នា​រដូវ​កាល​នេះ​។

​ក្រុម​របស់​លោក Xavi ​ត្បិត​តែ​ទិញ​កីឡាករ​ចូល​ច្រើន​នាក់​នៅ​ទីផ្សារ​ដោះដូរ​កីឡាករ​កន្លង​ទៅ​មែន ប៉ុន្តែ​លោក​ហាក់​មិន​ទាន់​ស្កប់​ចិត្ត​នោះ​ទេ។ ​ដោយ​ប្រភព​នៅ​អេស្ប៉ាញ​បាន​អះអាង​ថា​គ្រូ​បង្វឹក​ក្រុម Barcelona ​រូប​នេះ ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ម្នាក់​ទៀត។ Asensio ​ជា​បេក្ខភាព​ខ្សែ​ប្រយុទ្ធ​ទី​១​ដែល​ក្រុម​អ្នក​មាន​បុណ្យ​សម្លឹង​មើល​និង​ចង់​បាន​នា​ទីផ្សារ​ដោះដូរ​រដូវ​កាល​ក្រោយ​ឬ​នៅ​ខែ​មករា​ដើម​ឆ្នាំ​២០២៣​ខាង​មុខ។

​Asensio ​នៅ​សល់​កុងត្រា​មិន​ដល់​១​ឆ្នាំ​ទៀត​ទេ​ជាមួយ​ក្រុម Real Madrid ​ដូច្នេះ​ហើយ​នេះ​ជា​ឱកាស​ល្អ​សម្រាប់​ក្រុម​របស់​លោក Xavi ​ចូល​ខ្លួន​ចរចា​យក​កីឡាករ​វ័យ​២៦​ឆ្នាំ​រូប​នេះ​មក​លេង​នៅ Camp Nou ​ហើយ។ ​តែ​យ៉ាងណា​ការ​ទិញ​កីឡាករ​ពី​ក្រុម Real Madrid ​អាច​នឹង​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ប៉ុន្មាន​នោះ​ទេ​សម្រាប់​ក្រុម Barcelona ​ព្រោះ​ក្លឹប​ទាំង​ពីរ​នេះ​កម្រ​ទិញ​កីឡាករ​គ្នា​ណាស់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT