Liverpool ​នឹង​ដេញ​ថ្លៃ​ទិញ Valverde ​ម្ដង​ទៀត​

​ក្រុម​ហង្ស​ក្រហម Liverpool ​នឹង​ដេញ​ថ្លៃ​យក​ខ្សែ​បម្រើ Valverde ​ពី​ក្រុម Real Madrid ​ម្ដង​ទៀត​នា​ពេល​ខាង​មុខ​នេះ ​ក្រោយ​ពី​ឃើញ​ទម្រង់​លេង​របស់​គេ​កាន់​តែ​ល្អ​ឡើង​។

​កាល​ពី​ទីផ្សារ​ដោះដូរ​កីឡាករ​កន្លង​ទៅ ​ក្រុម​របស់​លោក Jurgen Klopp ​បាន​ដាក់​ដេញ​ថ្លៃ​យក​ខ្សែ​បម្រើ​វ័យ​ក្មេង​សញ្ជាតិ​អ៊ុយរុយហ្គាយ​ខាង​លើ​ម្ដង​មក​ហើយ ​ក្នុង​តម្លៃ​១០០​លាន​អឺរ៉ូ ប៉ុន្តែ​ក៏​ត្រូវ​បាន​ក្រុម​អធិរាជ​ស​ច្រាន​ចោល​វិញ។ ​យ៉ាងណាមិញ ​នា​រដូវ​កាល​នេះ Valverde ​កាន់​តែ​បង្ហាញ​ទម្រង់​លេង​ល្អ​ឡើង​បន្ថែម​ទៀត ដោយ​រក​បាន​គ្រាប់​បាល់​៣​ប្រកួត​ជាប់​គ្នា​មក​ហើយ ​ធ្វើ​ឱ្យ​ក្រុម Liverpool ​កាន់​តែ​ចង់​បាន​គេ​ឡើង​ទ្វេរ​ដង។ រហូត​ដល់​មាន​ដំណឹង​ថា​នឹង​ដាក់​ដេញ​ថ្លៃ​ជា​លើក​ទី​២​ក្នុង​ពេល​ខាង​មុខ ​ដោយ​បន្ថែម​តម្លៃ​ខ្លួន​កើន​ខ្លាំង​ផង​ដែរ។

​Valverde ​នា​រដូវ​កាល​នេះ​ទទួល​បាន​ទំនុក​ចិត្ត​ពី​លោក Carlo Ancelotti ​ណាស់ ​ដោយ​បាន​លេង​ជម្រើស​ដំបូង ​និង​រក​គ្រាប់​បាល់​ជួយ​ក្រុម​បាន​ទៀត។ ​ជាក់​ស្ដែង គ្រាប់​បាល់​របស់​កីឡាករ​វ័យ​ក្មេង​រូប​នេះ ​សុទ្ធ​សឹង​តែ​ជា​គ្រាប់​បាល់​ញ៉ាក់​ខ្សែ​ការពារ​បញ្ចូល​ទី​យ៉ាង​ស្អាត​ផង​ដែរ។ ​លោក Ancelotti ​ធ្លាប់​បាន​និយាយ​ហើយ​ថា​នា​រដូវ​កាល​នេះ ប្រសិន​បើ Valverde ​មិន​អាច​រក​បាន​ដល់​១០​គ្រាប់​ទេ ​លោក​សុខ​ចិត្ត​ហែក​សញ្ញាបត្រ​គ្រូ​បង្វឹក​របស់​ខ្លួន​ចោល​ថែម​ទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT