អត្តពលិក​កម្ពុជា​ទាំង​១៦១​នាក់ ​ចេញ​ដំណើរ​ទៅ​ហាត់​នៅ​ចិន​ព្រឹក​នេះ​ហើយ​

​ក្រុម​អត្តពលិក​កម្ពុជា ​ប្រមាណ​១៦១​នាក់​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​នៅ​ព្រឹក​នេះ​ហើយ ដើម្បី​បោះ​ជំរំ​ហ្វឹកហាត់​រយៈ​ពេល​វែង ​ត្រៀម​ខ្លួន​ចូល​ប្រកួត​ស៊ីហ្គេម​២០២៣​ខាង​មុខ។

 

​ក្នុង​ឱកាស​ចេញ​ដំណើរ​ទៅ​ចិន​នេះ​ដែរ ឯកឧត្តម វ៉ាត់ ចំរើន បានផ្ដាំផ្ញើប្រតិភូ គ្រូ និងកីឡាករ កីឡាការិនី​ថា​៖ “ការហ្វឹកហាត់ជារឿងធម្មតារបស់យើង ​តែត្រូវធ្វើរឿងធម្មតានេះ ឲ្យក្លាយ ទៅ​ជា​រឿង​អស្ចារ្យ ​សម្រាប់ជោគជ័យនៃជីវិតរបស់យើង នៅក្នុងអាជីពជាកីឡាករ កីឡាការិនី ​ជម្រើសជាតិ ហើយ​ការ​ទៅហ្វឹកហាត់​លើនេះ ​គឺក្នុងនាមជាតិទាំងមូល​ ក្រោមកិច្ចសហប្រតិបត្តិការ ក្នុង​កម្រិត​រាជ​រដ្ឋាភិបាល ​និងរដ្ឋាភិបាល។ ដូច្នេះយើងទាំងអស់គ្នា ត្រូវគោរពវិន័យ និងសេចក្ដីថ្លៃថ្នូរ ដើម្បី​រក្សា​នូវ​កិត្តិយស​នេះឲ្យប្រទេសទាំងពីរ​ និងឆ្ពោះទៅរកជោគជ័យនាឆ្នាំ២០២៣”។

ប្រតិភូ គ្រូបង្វឹក និងអត្តពលិកជម្រើសជាតិកម្ពុជា ដែលចេញទៅហាត់នៅចិនថ្ងៃនេះ គឺមានប្រតិភូ ២នាក់ ព្រមទាំងគ្រូ និងកីឡាករ កីឡាការិនី ១៥៩នាក់ ដែលមកពីសហព័ន្ធកីឡាកាយសម្ព័ន្ធ (១១នាក់), យូដូ (៥នាក់), វូស៊ូ (១០នាក់), បាល់បោះ (១៥នាក់), វាយកូនឃ្លីលើតុ (១០នាក់), អត្តពលកម្ម (២០នាក់), ចំបាប់ (១៥នាក់), វាយសី (១២នាក់), ហែលទឹក (១១នាក់), លើកទម្ងន់ (១០នាក់), បាល់ទាត់-នារី (២៥នាក់) និងកីឡាបាល់ទះ (១៥នាក់)៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT