ក្លឹប Barcelona ត្រូវបានគេរាយការណ៍ថា នៅសល់កញ្ចប់ថវិកាមួយផ្នែកធំទៀត ក្នុងការចាយវាយលើទីផ្សារដោះដូរ ដែលត្រៀមនឹងបិទទ្វារនៅថ្ងៃទី ០១ កញ្ញាខាងមុខ។ នេះយើងមិនរាប់បញ្ចូលនឹងទំហំចំណាយលើការចុះបញ្ជីកីឡាករអ្វីឡើយ។
និយាយតែប្រាក់សម្រាប់ចាយលើការចរចានាំចូលកីឡាករថ្មី គឺសល់ ៥៧ លានអឺរ៉ូផ្សេងទៀត ដ្បិតយកបានកីឡាករកំពូលជាហូរហែហើយក៏ដោយ ដូចជា Robert Lewandowski, Jules Kounde, Andreas Christensen, Franck Kessie, Raphinha និង Pablo Torre។ នេះបើតាមសារព័ត៌មាន Marca បានចុះផ្សាយ។
វាប្រហែលដូចទៅនឹងគម្រោងដែលបានចុះផ្សាយកាលពីពេលមុន ថាក្រុមប្រឹក្សាភិបាលបានអនុញ្ញាតឲ្យមានការចំណាយ ២០០ លានអឺរ៉ូ ហើយក្លឹបបានចាយអស់ ១៤៨ លានអឺរ៉ូរួចមកហើយ។ បើតាមស្ថានការណ៍ចុងក្រោយ ក្លឹបនៅបន្តដាក់គោលដៅលើ Juan Foyth, Thomas Meunier និង Hector Bellerin នៅតំណែងការពារស្លាបស្តាំ និង Marcos Alonso នៅការពារស្លាបឆ្វេង រីឯគោលដៅ Bernardo Silva ប្រហែលមានភាគរយទាបណាស់ នឹងអាចយកបាន ពោលលុះត្រាតែលក់ចេញ Frenkie de Jong បានសម្រេច៕
ប្រភព៖ បរទេស