ដ្បិតមានមតិជាច្រើនរិះគន់អំពីការធ្លាក់ចុះទម្រង់លេងរបស់ខ្សែការពារ Harry Maguire ក៏ប៉ុន្តែងាកទៅអតីតជើងចាស់លោក Wayne Rooney បែរជានៅគាំទ្រ ហើយឈរខាងកីឡាកររបស់ក្លឹប Man Utd រួចថែមទាំងសង្កត់ធ្ងន់ថា គេអាចធានាការជាប់ជម្រើសដំបូងសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស នៅព្រឹត្តិការណ៍ World Cup 2022 ខាងមុខទៀតផង។
ប្រាប់សារព័ត៌មាន The Sun អតីតខ្សែប្រយុទ្ធរកបានគ្រាប់បាល់ច្រើនបំផុតឲ្យក្រុមតោកំណាចនិយាយ៖ “Maguire គេត្រូវតែបានលេង វាច្បាស់ណាស់ដែលថានៅក្លឹប Man Utd គេធ្វើមិនបានល្អ តែនៅការលេងឲ្យអង់គ្លេស គឺគេពិតជាអស្ចារ្យ សម្រាប់ខ្ញុំ ៣ រូប ដែលត្រូវតែមានឈ្មោះលេងឲ្យអង់គ្លេស នោះគឺ Harry Kane, Maguire និង Raheem Sterling ពួកគេមានភាពជាអ្នកដឹកនាំក្នុងក្រុម ហើយក៏ជាបង្អែករបស់លោក Gareth Southgate ផងដែរ”។
គួរបញ្ជាក់ថា កាលបរិច្ឆេទប្រកួត World Cup ក្នុងប្រទេសកាតារ គឺនៅសល់ពេលជាង ៧ ខែទៀត ហើយអង់គ្លេសបានចាប់ឆ្នោតត្រូវជួបអ៊ីរ៉ង់ សហរដ្ឋអាមេរិក និងមួយក្នុងចំណោមអ៊ុយក្រែន វែលឬស្កុតឡែននៅក្នុងពូល B។ ស្ថិតិរបស់ Maguire នៅជម្រើសជាតិ សរុបបង្ហាញខ្លួន ៤២ ប្រកួត ហើយរកបាន ៦ គ្រាប់៕
ប្រភព៖ SportBible