ប្រទេសហ្វីលីពីនបានឈ្នះមេដាយមាសព្រឹត្តិការណ៍អូឡាំពិកជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ៩៧ឆ្នាំរបស់គេហើយ ក្រោយពីកីឡាការិនី Hidilyn Diaz ឈ្នះមេដាយមាសវិញ្ញាសាលើកទម្ងន់៥៥គីឡូក្រាម។
Diaz ដែលមានតួនាទីបម្រើការងារនៅទ័ពអាកាសប្រទេសហ្វីលីពីននោះ បានស្រក់ទឹកភ្នែកតែម្ដងនៅពេលនាងអាចសម្រេចក្ដីបំណងឈ្នះមេដាយមាសអូឡាំពិកឱ្យប្រទេសខ្លួនបាន។ ខណៈដែលក្នុងប្រភេទកីឡាលើកទម្ងន់៥៥គីឡូក្រាមនេះ គឺមានកីឡាការិនីចិន Liao Qiuyun ជាអ្នកកាន់កំណត់ត្រាឈ្នះរហូតតែម្ដង។
កាលពីនៅទីក្រុង Rio កីឡាការិនី Diaz នេះក៏ទទួលបានមេដាយប្រាក់ផងដែរ ដែលបានជួយឱ្យហ្វីលីពីនបញ្ចប់កំណត់ត្រា២០ឆ្នាំមិនស្គាល់មេដាយសោះនៅអូឡាំពិក ស្របពេលនៅតូក្យូនេះ នាងបានសម្រេចបំណងឈ្នះមេដាយមាសតែម្ដង។ ការបានមេដាយមាសនេះ នឹងធ្វើឱ្យនាងទទួលបានប្រាក់លើកទឹកចិត្តរហូតដល់ជាង៦០ម៉ឺនដុល្លារឯណោះពីប្រទេសហ្វីលីពីន និងបណ្ដាក្រុមហ៊ុនជាច្រើនទៀតកំពុងរង់ចាំលើកទឹកចិត្ត៕
ប្រភព៖ DailyMail