នាយបេសកកម្មកម្ពុជា សម្រាប់អូឡាំពិកហ្គេម ទីក្រុងតូក្យូប្រទេសជប៉ុន ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ពីប្រទេសជប៉ុនមកថា ឯកឧត្តមបានចុះទៅពិនិត្យស្រាវជ្រាវទីលានប្រកួតធំៗ នៅទីនោះ ដើម្បីដកស្រង់នូវរបៀបរបបជាចំណេះដឹងបន្ថែម សម្រាប់ដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
ឯកឧត្តមនាយបេសកកម្មបញ្ជាក់ថា «ពេលនេះ ខ្ញុំបានចុះទៅពិនិត្យមើល និងបានសិក្សាស្រាវជ្រាវនូវទីលានប្រកួតកីឡាអូឡាំពិកចំនួន៣ទីលានធំៗ ដូចជាទីលានគុនដាវ តេក្វាន់ដូ និងទីលានបាញ់កាំភ្លើងក្រៅសាល ទាំងសម្រាប់ប្រភេទកាំភ្លើងខ្លី និងប្រភេទវិញ្ញាសាកាំភ្លើងវែង ដោយទីលាននេះខ្ញុំបានពិនិត្យមើលរបៀបរបបនៃការរៀបចំ បានថតយកទិដ្ឋភាពនៃទីលានប្រកួតទាំងនោះ ដើម្បីផ្តល់ជាចំណះដឹង បទពិសោធន៍ ព័ត៌មានជូនដល់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក៏ដូចជូនទៅសហព័ន្ធកីឡាជាតិនានារបស់កម្ពុជា ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខ នៅកម្ពុជាយើង»។ ជាមួយគ្នានេះ ឯកឧត្តមក៏បានពិនិត្យលើឧបករណ៍ សម្ភារ អាជ្ញាកណ្តាល ចៅក្រម ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយផងដែរ។
ឯកឧត្តមនាយបេសកកម្មក៏បានឆ្លៀតជួបជាមួយនឹងសហព័ន្ធកីឡាអន្តរជាតិនានា ដែលចុះមកជួយដល់ការរៀបចំអូឡាំពិកហ្គេម ពេលនេះ ដោយស្នើសុំឱ្យសហព័ន្ធកីឡាអន្តរជាតិទាំងនោះចូលរួមគាំទ្រលើផ្នែកបច្ចេកទេសដល់ដំណើរការឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។ ក្នុងនោះឯកឧត្តមក៏ស្នើសុំគាំទ្រដល់កម្ពុជា លើផ្នែករូបមន្តបច្ចេកវិទ្យានៃការដាក់ពិន្ទុ ប្រព័ន្ធនៃការដាក់ពិន្ទុជាដើម សម្រាប់សហព័ន្ធកីឡាជាតិរបស់កម្ពុជាផងដែរ។
នេះគឺជាកិច្ចការផ្ទាល់ ដែលឯកឧត្តមត្រូវធ្វើ នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលជាការរៀបចំ និងការប្រកួតបច្ចេកទេសកម្រិតខ្ពស់បំផុតរបស់ពិភពលោក រៀងរាល់៤ឆ្នាំម្តងនេះ តាមអនុសាសន៍ណែនាំរបស់ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC មុនពេលចេញដំណើរពីកម្ពុជា មកប្រទេសជប៉ុននេះ។ «ដូច្នេះ ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំតែងតែបានទៅពិនិត្យទីលានប្រកួតជាបន្តបន្ទាប់ឲ្យបានគ្រប់ទីលានទាំងអស់ ដើម្បីស្រង់ជាបទពិសោធន៍សម្រាប់ការធ្វើបទបង្ហាញជូនដល់គណៈកម្មការជំនាញទាំងអស់របស់ CAMSOC ក៏ដូចជាសហព័ន្ធកីឡាជាតិនានារបស់កម្ពុជា ដើម្បីសម្រួចគោលដៅឱ្យរបៀបរបបនៃការរៀបចំទីលានប្រកួតនៅកម្ពុជា សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កាន់តែល្អប្រសើរបន្ថែមទៀត»។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្ដម វ៉ាត់ ចំរើន៕