ក្រុមឈ្នះជើងឯក Euro 2020 បានសម្រេចរកឃើញកាលពីយប់មិញ នោះគឺបានទៅលើជម្រើសជាតិអ៊ីតាលី ដែលយកឈ្នះទៅលើអង់គ្លេស តាមរយៈបាល់កាត់សេចក្តីប៉េណាល់ទី ៣-២ ក្រោយពីស្មើ ១-១ នៅបញ្ចប់ ៩០ នាទី។
ក្រោយចប់ការប្រកួតនៅឯកីឡដ្ឋាន Wembley ខាងគណៈគ្រប់គ្រងកម្មវិធី UEFA ក៏បានធ្វើការប្រកាសនូវម្ចាស់ពានរង្វាន់បុគ្គលមួយចំនួនផ្សេងទៀត ដែលមានដូចជា៖
កីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍ បានទៅលើអ្នកចាំទីអ៊ីតាលី Ginluigi Donnarumma
កីឡាករឈ្នះស្បែកជើងមាស ឬរកបានគ្រាប់បាល់ច្រើនបំផុតប្រចាំព្រឹត្តិការណ៍ បានទៅលើខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo
កីឡាករវ័យក្មេងល្អបំផុតប្រចាំព្រឹត្តិការណ៍ បានទៅលើខ្សែបម្រើវ័យ ១៨ ឆ្នាំរបស់អេស្ប៉ាញគឺ Pedri
កីឡាករឈ្នះស្រោមដៃមាស ឬអ្នកចាំទីទប់បាល់ Clean Sheet ច្រើនប្រកួតបំផុតបានទៅលើអ្នកចាំទីអង់គ្លេស Jordan Pickford
យ៉ាងណាក្នុងចំណោមពានរង្វាន់បុគ្គលទាំង ៤ យើងឃើញថាពានស្បែកជើងមាស ប្រចាំ Euro 2020 គឺជារឿងដែលគ្រប់គ្នាចាប់អារម្មណ៍បំផុត ព្រោះធ្លាក់ទៅដល់ដៃ Cristiano Ronaldo ដែលក្រុមរបស់លោកបានហាលអាវតាំងពីវគ្គ ១៦ ក្រុម បន្ទាប់ពីចាញ់បិសាចក្រហមបែលហ្សិក។
កីឡាករវ័យ ៣៦ ឆ្នាំ រកបាន ៥ គ្រាប់និង Assist ១ លើកនៅការចាយពេល ៣៦០ នាទីលើទីលាន ដែលយកឈ្នះទៅលើ Patrick Schick រកបាន ៥ គ្រាប់ Assist ០ លើក ហើយ Karim Benzema រកបាន ៤ គ្រាប់ Assist ០ លើក។
ជាមួយជោគជ័យសារនេះ វាគឺជាលើកដំបូងសម្រាប់ Ronaldo ការដែលអាចឈ្នះពានស្បែកជើងមាសនៅពានរង្វាន់ Euro ហើយក៏ជាកីឡាករទី ៨ ដែលមានឈ្មោះជា Top Scorer នៅបញ្ចប់ព្រឹត្តិការណ៍ តែមិនបានស្ថិតក្នុងក្រុមឈ្នះជើងឯក។ ខាងក្រោមយើងបង្ហាញឈ្មោះកីឡាករ ៧ រូបឯទៀតឲ្យអ្នករាល់គ្នាបានដឹង៖
ឆ្នាំ ១៩៦៨ កីឡាករយូហ្គោស្លាវី Dragan Dzajic រកបាន ២ គ្រាប់ តែអ៊ីតាលីជាក្រុមឈ្នះជើងឯក
ឆ្នាំ ១៩៧៦ កីឡាករអាល្លឺម៉ង់ Dieter Muller រកបាន ៤ គ្រាប់ តែសាធារណរដ្ឋឆេកជាក្រុមឈ្នះជើងឯក
ឆ្នាំ ១៩៩៦ កីឡាករអង់គ្លេស Alan Shearer រកបាន ៥ គ្រាប់ តែអាល្លឺម៉ង់ជាក្រុមឈ្នះជើងឯក
ឆ្នាំ ២០០០ កីឡាករហូឡង់ Patrick Kluivert និងកីឡាករស៊ែប៊ី Savo Milosevic រកបាន ៥ គ្រាប់ តែបារាំងជាក្រុមឈ្នះជើងឯក
ឆ្នាំ ២០០៤ កីឡាករឆេក Milan Baros រកបាន ៥ គ្រាប់ តែក្រិកជាក្រុមឈ្នះជើងឯក
ឆ្នាំ ២០១៦ កីឡាករបារាំង Antoine Griezmann រកបាន ៦ គ្រាប់ តែព័រទុយហ្គាល់ជាក្រុមឈ្នះជើងឯក
បញ្ជាក់ថា ទើបតែនៅ Euro 2012 ទេ ដែល UEFA ចាប់ផ្តើមបែងចែកការវាយតម្លៃកីឡាកររកបានគ្រាប់បាល់ច្រើនបំផុតទៅជា ៣ ផ្នែក មានអ្នកឈ្នះ Golden Boot, Silver Boot និង Bronze Boot ដែលមានន័យថា ស្បែកជើងមាស/ប្រាក់និងសម្រិត ហើយមិនមានកីឡាករដែលអាចឈ្នះផ្ទួនគ្នាបានឡើយ ពោលក្រៅពីការប្រៀបធៀបគ្រាប់បាល់ គឺគេមើលទៅលើ Assist បន្ទាប់មកមើលទៅលើថេរវេលាបង្ហាញខ្លួនលើទីលាន ដើម្បីសម្រេចបានថា ផ្នែកនៃពាននីមួយៗនឹងមានកីឡាករដែលឈ្នះ តែម្នាក់ប៉ុណ្ណោះ៕
ប្រភព៖ UEFA