នៅយប់រំលងអាធ្រាត្រវេលាម៉ោង ០២:០០ នាទីទាបភ្លឺ ថ្ងៃទី ៨ កក្កដា ក្រុមអង់គ្លេសនឹងត្រូវប៉ះដាណឺម៉ាក ជាប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Euro 2020។
អង់គ្លេសរាប់បានថាជាក្រុមដ៏លេចធ្លោបំផុតមួយនៅ Euro សារនេះ ដោយពួកគេមិនទាន់របូតគ្រាប់បាល់សូម្បីតែមួយគ្រាប់ ហើយរមែងស៊ុតបញ្ចូលទីជារឿយៗទៅលើក្រុមគូប្រជែង។ យ៉ាងណាសម្រាប់ Jordan Henderson ដែលជាកីឡាកររបស់ Liverpool និងជាសមាជិកមួយរបស់តោកំណាច បាននិយាយទុកជាមុនថា ការប៉ះដាណឺម៉ាកសារនេះជាការប៉ះក្រុមដ៏ល្អ និងមិនអាចមើលស្រាលបានទេ។
ដាណឺម៉ាកក៏ធ្លាប់ឈ្នះពានរង្វាន់ Euro មួយលើកដែរ ខណៈអង់គ្លេសមិនធ្លាប់ស្គាល់រសជាតិនោះទេ មួយផ្សេងទៀតដាណឺម៉ាកត្រឹម ៣ ប្រកួតអាចរកបានដល់ទៅ ១០ គ្រាប់ឯណោះ។ ប្រាប់ Sky Sports ខ្សែបម្រើ Henderson និយាយ៖ “ខ្ញុំគិតថាយើងមិនទាន់សម្រេចបាននៅអ្វីដែលយើងចង់បាននោះទេ តែយើងអាចប្រើប្រាស់លទ្ធផលនេះទៅក្នុងផ្លូវវិជ្ជមាន ហើយផ្តោតលើប្រកួតដ៏តានតឹងទល់ដាណឺម៉ាកនៅថ្ងៃពុធ”។
លោកបន្តថា៖ “យើងមានការជឿជាក់ តែទន្ទឹមគ្នានេះយើងក៏ត្រូវឲ្យការគោរពទៅដល់ដាណឺម៉ាកដែរ ព្រោះយើងដឹងហើយថាពួកគេគឺជាក្រុមដ៏អស្ចារ្យ”។
គួរបញ្ជាក់ថា អង់គ្លេសធ្លាប់មានប្រវត្តិប៉ះដាណឺម៉ាកសរុប ២១ លើក ខាងអង់គ្លេសឈ្នះ ១២ ស្មើ ៥ ចាញ់ ៤ ដោយការប៉ះគ្នាលើកចុងក្រោយនៅ UEFA Nations League ឆ្នាំ ២០២០ ដោយស្មើ ០-០ នៅជើងទី ១ និងអង់គ្លេសចាញ់ដាណឺម៉ាក ០-១ នៅជើងទី ២៕
ប្រភព៖ AF