Cristiano Ronaldo បានប្រលូកនៅការលេងឲ្យក្លឹបអាជីពនិងជម្រើសជាតិរាប់រយប្រកួត ហើយក៏រកបានគ្រាប់បាល់ និងឈ្នះពានរង្វាន់ជាច្រើនជាបន្តបន្ទាប់ផងដែរ។ យ៉ាងណាសម្រាប់ CR7 ពានមួយដែលលោកគិតថាសំខាន់បំផុតនោះ មិនមែនជាពាននៅក្លឹបឬពានបុគ្គលឡើយ ផ្ទុយទៅវិញគឺពាននៅជម្រើសជាតិជាមួយព័រទុយហ្គាល់។
ប្រាប់ LiveScore កីឡាករវ័យ ៣៦ ឆ្នាំដែលត្រៀមនឹងចូលរួមការប្រកួតនៅ Euro 2020 នាសប្តាហ៍ក្រោយនិយាយថា៖ “ការចាប់ផ្តើមប្រកួត UEFA Euro 2016 ជាពេលវេលាដ៏ល្អសម្រាប់ខ្ញុំ តែខ្ញុំក៏បានសោកសៅបន្តិច ពេលខ្ញុំទទួលរងរបួស [នៅវគ្គផ្តាច់ព្រ័ត្រទល់បារាំង] តែទីបញ្ចប់ខ្ញុំបានសម្រក់ទឹកភ្នែកដែលបង្កប់ដោយភាពសប្បាយរីករាយ”។
លោកបន្ថែមថា៖ “ខ្ញុំមានបទពិសោធន៍ទទួលរងនូវអារម្មណ៍ ៣ ផ្សេងគ្នាក្នុងការប្រកួតនោះ ហើយវាពិតជាអស្ចារ្យ ខ្ញុំសឹងតែមិនចង់ជឿ ដោយវាជាពានរង្វាន់ដ៏សំខាន់បំផុត ដែលខ្ញុំធ្លាប់បានឈ្នះក្នុងឆាកជីវិតរបស់ខ្ញុំ”។
ការឈានមកដល់ការប្រកួតសារជាថ្មី ខ្សែប្រយុទ្ធរបស់ក្លឹប Juventus និយាយ៖ “ប្រសិនជាអាចឈ្នះវាម្តងទៀត នោះវានឹងជាអារម្មណ៍ដ៏អស្ចារ្យបំផុត ដោយយើងមកចូលរួមការប្រកួតនេះពោរពេញដោយមហិច្ឆតា ដោយយើងមានក្រុមល្អ និងពិតជារឹងមាំខ្លាំងណាស់”៕
ប្រភព៖ Sportskeeda