វិស័យបាល់ទាត់គឺជាកីឡាដ៏ពេញនិយមមួយនៅតំបន់អាស៊ី ហើយនៅរយៈពេលចុងក្រោយក៏មានកីឡាករជាច្រើនដែលបានវិវត្តខ្លួនផ្ទេរទៅចូលរួមនៅលីគកំពូលអឺរ៉ុបជាបន្តបន្ទាប់។
ដោយសារតែភាពប៉ិនប្រសព្វដែលអំណោយទានពីធម្មជាតិ លាយឡំនឹងការខិតខំប្រឹងប្រែង ក៏បានរុញឲ្យតម្លៃខ្លួនរបស់ពួកគេឡើងដល់រាប់សិបលានដុល្លារ និងខ្លះមិនចាញ់កីឡាករកំពូលប្រចាំតំបន់អឺរ៉ុបនោះឡើយ។
តទៅនេះទំព័រ CTS Sports ធ្វើការបង្ហាញនូវឈុត ១១ រូបនៃកីឡាករដែលមានដើមកំណើតនៅតំបន់អាស៊ី ហើយមានហាងឆេងថ្លៃខ្លួនខ្ពស់បំផុត ដែលសរុបជាទឹកប្រាក់ច្រើនជាង ២៣០ លានដុល្លារ៖
អ្នកចាំទី: Mathew Ryan មានតម្លៃ ៩,៦០ លានដុល្លារ
Ryan ជាកីឡាករមានដើមកំណើតនៅប្រទេសអូស្ត្រាលី ដែលបានរាប់ចូលជាផ្នែកនៃសហព័ន្ធបាល់ទាត់អាស៊ីតាំងពីឆ្នាំ ២០០៦។ អ្នកចាំទីវ័យ ២៨ ឆ្នាំ ធ្លាប់រួមអាជីពនៅក្លឹបធំៗដូចជា Brighton, Arsenal និង Valencia ជាដើម។
ខ្សែការពារកណ្តាល: Maya Yoshida មានតម្លៃ ៤,៦០ លានដុល្លារ
កីឡាករជប៉ុនរូបនេះ គឺជាសមាជិកកាន់ឆ្នាំដែលបង្ហាញខ្លួនឲ្យក្លឹប Southampton ច្រើនជាង ២០០ ប្រកួត។ ក្រោយចាយពេល ៨ រដូវកាលនៅក្លឹបអង់គ្លេស បុរសវ័យ ៣២ ឆ្នាំ ក៏ទើបតែផ្ទេរនៅលក្ខខណ្ឌឥតតម្លៃខ្លួនមកចូលរួមនៅក្លឹបអ៊ីតាលី Sampdoria។
ខ្សែការពារកណ្ដាល: Takehiro Tomiyasu មានតម្លៃ ២១,៧០ លានដុល្លារ
ជាខ្សែការពារជប៉ុនដូច Yoshida ដែរ ហើយគេក៏បានផ្ទេរមកចូលរួមនៅក្លឹបអ៊ីតាលី Bologna ដែលជាក្លឹបបច្ចុប្បន្ន បន្ទាប់ពីចូលរួមនៅក្លឹបក្នុងប្រទេសបែលហ្សិក។ នៅជាង ៥០ ប្រកួតឲ្យ Bologna គេរកបាន ៣ គ្រាប់និង Assist ៣ លើក។
ខ្សែការពារស្លាបស្តាំ: Hiroki Sakai មានតម្លៃ ៦,៦៤ លានដុល្លារ
ជាខ្សែការពារសញ្ជាតិជប៉ុន កំពុងលេងឲ្យក្លឹប Marseille ដែលបានចាយពេល ៤ រដូវកាលមកហើយ និងឆ្លងកាត់ការបង្ហាញខ្លួន ១៧៨ ប្រកួត រកបាន ២ គ្រាប់និង Assist ១៣ លើក។
ខ្សែការពារស្លាបឆ្វេង: Milad Mohammadi មានតម្លៃ ៣,៣៨ លានដុល្លារ
ក្រោយចាយពេល ៤ រដូវកាលនៅក្លឹបរុស្ស៊ី Akhmat Grozny កីឡាករ Mohammadi ទើបតែបានសម្រេចការផ្ទេរមកក្លឹប Gent របស់បែលហ្សិកកាលពីឆ្នាំទៅ។ បុរសសញ្ជាតិអ៊ីរ៉ង់ បានបង្ហាញខ្លួន ៣៦ ប្រកួតឲ្យក្រុមជម្រើសជាតិ ហើយក៏ធ្លាប់ចូលរួម ២ លើកនៅព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៨ ផងដែរ។
ខ្សែបម្រើកណ្តាល: Aaron Mooy មានតម្លៃ ១០,២៥ លានដុល្លារ
ជាកីឡាករអូស្រា្តលីមួយរូបផ្សេងទៀត ដែលមានវត្តមាននៅក្របខ័ណ្ឌ Premier League របស់អង់គ្លេស។ គេធ្លាប់បានចាយពេល ៣ រដូវកាលនៅទីនោះ ជាមួយនឹងក្លឹប Huddersfield Town ក៏ដូចជា Brighton និងរកបាន ៩ គ្រាប់។
ខ្សែបម្រើការពារ: Wataru Endo មានតម្លៃ ៩,៦៦ លានដុល្លារ
កីឡាករជប៉ុន Endo បានចាប់ផ្តើមរដូវកាលដ៏គួរឲ្យចាប់អារម្មណ៍ជាមួយក្លឹបអាល្លឺម៉ង់ Stuttgart ដោយគេរកបាន ២ គ្រាប់និង Assist ៤ លើក ហើយក្លឹបរបស់គេកំពុងឈរលេខ ៩ នៅតារាង Bundesliga។
ខ្សែបម្រើប្រយុទ្ធ: Daichi Kamada មានតម្លៃ ២១,៧៣ លានដុល្លារ
Kamada ជាកីឡាករដ៏សំខាន់របស់ Frankfurt ដែលចាប់តាំងពីការផ្ទេរមកចូលរួមនៅឆ្នាំ ២០១៧ បុរសសញ្ជាតិជប៉ុន រកបាន ១៣ គ្រាប់និង Assist ១៩ លើក។ បុរសវ័យ ២២ ឆ្នាំជាប់កុងត្រាជាមួយក្លឹបអាល្លឺម៉ង់ដល់ឆ្នាំ ២០២៣ ហើយបច្ចុប្បន្នមានឈ្មោះជាកីឡាករជប៉ុនដែលមានហាងឆេងថ្លៃខ្លួនខ្ពស់បំផុតលំដាប់ទី ២ ផងដែរ។
ខ្សែប្រយុទ្ធស្លាបឆ្វេង: Son Heung-min មានតម្លៃ ៩៦,៥៨ លានដុល្លារ
Son ជាកីឡាករកូរ៉េខាងត្បូង និងកីឡាករអាស៊ីដែលមានតម្លៃខ្លួនខ្ពស់ដាច់គេ ហើយបច្ចុប្បន្នគេជាចំណែកខ្វះពុំបានរបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur។ នៅរដូវកាលនេះ Son គេរកបាន ១៦ គ្រាប់ហើយ និងជាដៃគូល្អបំផុតរបស់ Harry Kane។ តម្លៃខ្លួនរបស់ Son គិតត្រឹមដើមខែមិនានេះ គឺកំពុងនាំមុខ Lionel Messi ដែលថ្លៃជាង ៨៥ លានដុល្លារប៉ុណ្ណោះ។
ខ្សែប្រយុទ្ធស្លាបស្តាំ Takefusa Kubo មានតម្លៃ ២៤ លានដុល្លារ
Kubo ជាកីឡាករជប៉ុនដែលមានតម្លៃថ្លៃបំផុតនៅពេលបច្ចុប្បន្ននេះ ហើយកាន់តែអស្ចារ្យនោះគេជាកីឡាកររបស់ក្លឹបយក្ស Real Madrid។ ដើម្បីទទួលបានការអភិវឌ្ឍខ្លួន និងឱកាសលេងលើទីលាន Kubo បានផ្ទេរនៅលក្ខខណ្ឌខ្ចីជើងទៅក្លឹបដទៃជាបន្តបន្ទាប់ ហើយចុងក្រោយគឺឈរជើងនៅក្លឹប Getafe។
ខ្សែប្រយុទ្ធកណ្តាល Sardar Azmoun មានតម្លៃ ២៧,៧ លានដុល្លារ
Azmoun កំពុងលេងឲ្យក្លឹបនៅរុស្ស៊ី Zenit St. Petersburg ហើយបុរសវ័យ ២៦ ឆ្នាំ ទទួលបានរហស្សនាមថាជា “Messi អ៊ីរ៉ង់”។ គេរកបាន ៤៤ គ្រាប់ឲ្យក្លឹប Zenit និង ៣២ គ្រាប់នៅជម្រើសជាតិ៕
ប្រភព៖ Sportskeeda