កាលពីពេលថ្មីៗនេះ Mesut Ozil បានទទួលឆ្លើយតបនូវសំណួរចាក់ដោត ដែលបានចោទសួរពីសំណាក់អ្នកគាំទ្រជាច្រើននៅលើប្រព័ន្ធ Twitter ហើយក្នុងចំណោមនោះក៏មានទាំងរឿងរ៉ាវពាក់ព័ន្ធនឹងអនាគតរបស់ខ្លួនជាមួយ Arsenal ក៏ដូចជារឿងរសើបខ្លះក្នុងពិភពបាល់ទាត់។
មានសំណួរគួរឲ្យចាប់អារម្មណ៍មួយ ដែលអ្នកគាំទ្របានចោទសួរថា៖ “តើរវាង Ronaldo និង Messi, Ozil ជ្រើសយកមួយណា”។
ចម្លើយចេញពីគណនីផ្លូវការរបស់កីឡាករ Arsenal បានឆ្លើយបែបនេះថា៖ “Messi បានបង្ហាញឲ្យពួកយើងឃើញហើយថា គេជាកីឡាករល្អបំផុតមួយនៅលីគកំពូលអេស្ប៉ាញ តែ Ronaldo គេតែងតែធ្វើបានល្អបំផុតនៅគ្រប់បណ្តាលីគក្នុងប្រទេសទាំងអស់ដែលគេបានឈរជើង”។ ចម្លើយនេះមានន័យថា Ozil ជ្រើសរើសយកតារាឆ្នើមរបស់ក្លឹប Juventus។
គួររំឭកថា CR7 ក៏ទើបតែបានតាមស្មើនូវកំណត់ត្រាអតីតវីរបុរសលោក Josef Bican ដែលរកបានគ្រាប់បាល់នៅក្លឹប ៧៥៩ គ្រាប់ ជាតួលេខច្រើនដាច់គេក្នុងប្រវត្តិសាស្ត្រ។
ស្របពេលដែល M10 ក៏ទើបតែបានបំបែកកំណត់ត្រារបស់លោក Pele នាមកីឡាកររកបានគ្រាប់បាល់ឲ្យក្លឹបទោលច្រើនបំផុត ដែលជាមួយ Barcelona កីឡាករអាហ្សង់ទីនធ្វើបាន ៦៤៨ គ្រាប់ហើយ៕
ប្រភព៖ SportBible