ក្លឹបកំពូល Fenerbahce របស់ប្រទេសទួរគី ថ្មីៗនេះបានបង្ហាញសកម្មភាពគួរឲ្យគោរព ជុំវិញការឧទ្ទិសដល់វិញ្ញាណ.ក្ខន្ធរបស់អ្នកគាំទ្រស្ម័គ្រស្មោះពីររូបដែលជាប្តីប្រពន្ធនឹងគ្នា។
នោះគឺលោកតា Mumtaz Amca និងលោកយាយ Ihsan Teyze ដែលកាលនៅរស់អ្នកទាំងពីរជាអ្នកគាំទ្រកាន់ឆ្នាំរបស់ក្លឹប Fenerbahce ហើយរៀងរាល់ការប្រកួតនៅឯកីឡដ្ឋាន Sukru Saracoglu ក្នុងទីក្រុង Istanbul គឺកម្រអវត្តមានពួកគាត់ណាស់ ប៉ុន្តែសោកស្ដាយមកទល់ពេលនេះអ្នកទាំងពីរបានទទួលមរណភាពហើយ។
ជាការគោរពដឹងគុណដល់ទំហំចិត្តគាំទ្ររបស់គូស្នេហ៍ស្ម័គ្រស្មោះខាងលើ ក្លឹបដែលកំពុងឈរលេខ ៣ នៅ Super Lig បានធ្វើការកាត់នៅ Cardboard នៃរូបភាពរបស់អ្នកទាំងពីរមកតម្កល់ក្បែរគ្នានៅឯកៅអីក្នុងកីឡដ្ឋាន ហើយបង្កើតចេញជាវីដេអូអម Caption បែបនេះថា៖ “អ្នកមីង Ihsan និងលោកពូ Mumtaz គឺនឹងនៅជាមួយពួកយើងគ្រប់ការប្រកួតរៀងរហូតទៅ អ្នកនឹងស្ថិតក្នុងបេះដូងរបស់យើង ហើយពួកយើងនឹងមិនអាចបំភ្លេចអ្នកបានឡើយ”។
İhsan Teyzemiz ve Mümtaz Amcamız her maç olduğu gibi yarın da bizimle olacak. 🙏
Kalbimizdesiniz, sizi unutmayacağız. pic.twitter.com/iWgtvsgQhN
— Fenerbahçe SK (@Fenerbahce) December 11, 2020
ផ្សាភ្ជាប់នឹងវីដេអូខាងលើ ក៏មានប្រភពរូបភាពចាក់ដោតមួយផ្សេងទៀតដែលធ្វើឲ្យអ្នកគាំទ្របាល់ទាត់រំជួល.ចិត្តជាខ្លាំង នោះគឺបង្ហាញឲ្យឃើញថានៅឆ្នាំ ២០១៤ និង ២០១៥ អ្នកទាំងពីរមានវត្តមានមកគាំទ្រក្លឹបដែលខ្លួនស្រលាញ់រួមគ្នា លុះរំលងដល់ឆ្នាំ ២០១៦ លោកតា Mumtaz ក៏ទទួលមរណភាព ហើយបន្សល់តែវត្តមានរបស់លោកយាយ Ihsan និងចុងក្រោយនៅឆ្នាំ ២០២០ នេះ គឺគ្រប់យ៉ាងត្រឹមតែជាការចងចាំ ហើយបន្សល់ទុកត្រឹមរូបថតរបស់ពួកគាត់តែប៉ុណ្ណោះ៕
ប្រភព៖ SportBible