កីឡាករកូរ៉េខាងត្បូង Son Heung-min នឹងមិនចាកចេញពីក្លឹបមានមូលដ្ឋានក្នុងទីក្រុងឡុងទេ ហើយគេនឹងបន្តឈរជើងដល់ចូលនិវត្ត។ នេះបើតាមការលើកឡើងរបស់អ្នកចាត់ការលោក Jose Mourinho។
ជាសារឆ្លើយតបនឹងជោគជ័យដែល Spurs កំពុងទទួលបាននៅក្របខ័ណ្ឌ Premier League នាមជាក្រុមឈរកំពូលតារាង ហើយត្រៀមប៉ះ Liverpool ជាក្រុមលេខ ២ នៅព្រឹករំលងអាធ្រាត្រថ្ងៃស្អែកនេះ។
Son ដែលសេសសល់កុងត្រានៅឆ្នាំ ២០២៣ ត្រូវបានអ្នកសារព័ត៌មានសួរនាំទៅកាន់លោក Mourinho អំពីការបន្តកុងត្រាថ្មីសម្រាប់គេបន្ថែមទៀតឬយ៉ាងណា ហើយអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់បានឆ្លើយថា៖ “ខ្ញុំមិនមានព័ត៌មានអ្វីក្នុងដៃនោះទេ ប៉ុន្តែនិយាយដោយស្មោះត្រង់ទៅខ្ញុំជឿជាក់លើ Sonny និងលោក Levy [ប្រធានក្លឹប] ចំពោះរឿងនេះ ហើយដឹងថាគេនឹងបន្ត ប្រសិនជាអាចគឺអស់មួយជីវិតដល់បញ្ចប់អាជីពរបស់គេ អ៊ីចឹងខ្ញុំមើលឃើញថា Son នឹងចុះហត្ថលេខាកុងត្រាថ្មីតែគ្រាន់មិនមែនពេលនេះ”។
បញ្ជាក់ថា Son កំពុងសហការគ្នាយ៉ាងល្អជាមួយ Kane នៅតំបន់ប្រយុទ្ធ និងជាប់ឈ្មោះជាដៃគូបញ្ជូនបាល់ឲ្យគ្នាទៅមកបាន ១២ គ្រាប់នៅ Premier League ដែលត្រៀមបំបែកកំណត់ត្រារបស់អតីតជើងចាស់លោក Alan Sherar និង Chris Sutton ទៀតផង៕
ប្រភព៖ Goal