នៅលីគកំពូលទាំង ៥ មាន LaLiga, Premier League, Bundesliga, Ligue 1 និង Serie A ហើយរាប់តែការប្រកួតក្នុងលីគទាំងនោះ តើអ្នកគិតថាកីឡាកររូបណាដែលរកបានគ្រាប់បាល់ច្រើនបំផុតសម្រាប់ឆ្នាំ ២០២០?
បើគិតស្ថិតិគ្រាប់បាល់ រាប់ចាប់ពីថ្ងៃទី ១ មករា មកទល់ថ្ងៃទី ៣ វិច្ឆិកា ឆ្នាំ ២០២០ កីឡាករដែលឈរនៅលេខរៀងទី ១ រកបានគ្រាប់បាល់ច្រើនបំផុតគឺជាខ្ញីចាស់វ័យ ៣៥ ឆ្នាំ Cristiano Ronaldo។
កីឡាករព័រទុយហ្គាល់រកបាន ២៦ គ្រាប់នៅ ២២ ប្រកួតក្នុងក្របខ័ណ្ឌ Serie A នាឆ្នាំ ២០២០ នេះ ហើយពីរគ្រាប់ពេលប៉ះ Spezia ក្រោយជាសះស្បើយពីជំងឺ COVID-19 បានរុញឲ្យឈ្មោះរបស់ CR7 រំកិលឡើងលេខ ១ នាំមុខ Robert Lewandowski បណ្ដោះអាសន្ន។ ខ្សែប្រយុទ្ធ Juventus នៅតែជាម៉ាស៊ីនបញ្ចប់ទីមិនចេះរិចរិល ហើយកត្តាអាយុមិនអាចរារាំងលោកបានឡើយ ដោយគិតជាស្ថិតិគឺ Ronaldo អាចរកបាន ១,១៨ គ្រាប់/ប្រកួត។
កីឡាករឈរលេខរៀងទី ២ គឺ Lewandowski ដោយនៅ ១៩ ប្រកួត លោករកបាន ២៥ គ្រាប់ ស្មើនឹង ១,៣១ គ្រាប់/ប្រកួត។ បុរសសញ្ជាតិប៉ូឡូញក៏កំពុងឈរជា Top Scorer ប្រចាំក្របខ័ណ្ឌ Bundesliga ដែល ៥ ប្រកួត បំប៉ោងសំណាញ់ទីបាន ១០ លើក។
អ្នកបន្តបន្ទាប់ទៀតមានដូចជា Ciro Immobile រកបាន ២២ គ្រាប់ Francesco Caputo និង Erling Haaland រកបាន ១៨ គ្រាប់ ហើយ Mohamed Salah និង Zlatan Ibrahimovic រកបាន ១៧ គ្រាប់ស្មើគ្នា៕
ប្រភព៖ AF