Real Madrid នឹងត្រូវតតាំងក្លឹប Man City នៅជំនួបជើងទី ២ នៅឯកីឡដ្ឋាន Etihad នាថ្ងៃទី ៨ សីហា វេលាម៉ោង ០២:០០ នាទីរំលងអាធ្រាត្រ មានផ្សាយផ្ទាល់លើទំព័រ CTS Sports។
ត្បិតមិនទាន់ប្រកាសពីសមាសភាពកីឡាករត្រូវចូលរួមប្រកួតច្បាស់ការ ប៉ុន្តែបើនិយាយពីកីឡាករដែលអវត្តមាន គឺច្បាស់លាស់ហើយចំពោះឈ្មោះខ្សែការពារ Sergio Ramos។
នោះក៏ដោយសារ Ramos រងជាប់ពិន័យកាតក្រហម កាលពីជើងទី ១ ក្រោយបង្កកំហុសទៅលើខ្សែប្រយុទ្ធ Gabriel Jesus របស់ M.City។ បែបនេះមានន័យថា នៅតំបន់ការពាររបស់ស្តេចស Madrid នឹងត្រូវចន្លោះប្រហោងខ្សែការពារកណ្ដាលសញ្ជាតិអេស្ប៉ាញ។ City មានគ្រាប់បាល់ចំណេញក្រៅដី ២ គ្រាប់ ដែលរុញឲ្យជើងទី ២ ពួកគេមានឱកាសច្រើន ដរាបណា Real មិនអាចយកឈ្នះនៅលទ្ធផល ២-០ បាននោះ។
វាពិតជាបញ្ហាដ៏គួរឲ្យបារម្ភសម្រាប់ Madrid ព្រោះបើក្រឡេកទៅមើលស្ថិតិចាស់ៗកន្លងមក ពេលដែល Madrid គ្មាន Ramos ចូលលេងនៅប្រកួតពានអឺរ៉ុប ៦ ប្រកួតចុងក្រោយ ក្លឹបឈ្នះតែ ១ លើកគត់ និងចាញ់ដល់ទៅ ៥ លើកឯណោះ។
ជ័យជម្នះ ១ លើកនោះ គឺកាលប៉ះក្រុម Club Brugge ថែមទៀត ហើយជាការយកបាន ៣ ពិន្ទុឥតន័យ ព្រោះក្រុមជាប់ឈ្មោះឆ្លងផុតវគ្គចែកពូលទៅហើយ។
រំឭកថាចាប់តាំងពីមកចូលរួមនៅ Real Madrid ខ្សែការពារលេងកាច Ramos បានខកខានការចូលរួមប្រកួតនៅ UCL ចំនួន ៣០ លើក ធៀបនឹងប្រកួតសរុបរបស់ក្លឹប ដោយសារបញ្ហារបួស ការពិន័យ ក៏ដូចជាការសម្រេចរបស់អ្នកចាត់ការ ហើយចំណោមនោះឈ្នះ ១៩ លើក ស្មើ ៣ ចាញ់ ៨ តែអ្វីដែលជាបញ្ហាគឺ ៦២,៥ ភាគរយនៃបរាជ័យទាំងអស់ គឺកើតឡើងនៅ ៦ ប្រកួតចុងក្រោយពេលដែលគ្មានវត្តមានរបស់ Ramos៕
ប្រភព៖ Marca