លោក Tite ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល គាំទ្រឱ្យដឹកនាំក្រុមជម្រើសជាតិរហូតដល់ឆ្នាំ២០២២ ដែលជាឆ្នាំ World Cup ធ្វើនៅប្រទេសកាតា។
ត្បិតតែប្រេស៊ីលរងការឈឺចាប់នៅ World Cup 2018 នេះមែន ប៉ុន្តែសហព័ន្ធរបស់ប្រទេសនេះនៅតែគាំទ្រគ្រូបង្វឹក Tite ដដែល។ សហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) បានបញ្ជាក់ថា Tite នៅតែជាគ្រូបង្វឹកសំខាន់សម្រាប់ប្រេស៊ីលសម្រាប់ពានរង្វាន់ផ្សេងៗទៀត។ ពួកគេចង់បន្ដកុងត្រាដល់លោក រហូតដល់ឆ្នាំ២០២២ ដើម្បីឱ្យប្រេស៊ីលមានឱកាសប្រជែងពានរង្វាន់ World Cup ម្ដងទៀត ក្រោមការដឹកនាំរបស់លោក Tite ។
“យើងជឿជាក់ថាការថែទាំ គម្រោងការ និងសកម្មភាពខិតខំប្រឹងប្រែងរបស់យើង នឹងនាំឱ្យប្រេស៊ីលទទួលបានលទ្ធផលល្អនៅពេលខាងមុខនេះ។ យើងបានស្រាវជ្រាវ រកគ្រូបង្វឹកម្នាក់ដើម្បីឱ្យធ្វើការរយៈពេលវែង ហើយយើងក៏នឹងជឿជាក់ទៅលើការដឹកនាំរបស់លោក Tite ដែរ”។ សម្ដីរបស់លោកRogerio Caboclo ប្រធានផ្នែកបច្ចេកទេសរបស់សហព័ន្ធបាល់ទាត់ប្រេស៊ីល។
បុរសវ័យ៥៧ឆ្នាំចូលដឹកនាំក្រុមប្រេស៊ីលនៅឆ្នាំ២០១៦ គ្រាដែលក្រុមជម្រើសជាតិនេះកំពុងដុនដាបក្រោមការដឹកនាំរបស់លោក Dunga ។ វត្តមានរបស់លោក Tite បានធ្វើឱ្យប្រេស៊ីលមានកម្លាំងចិត្តឡើងវិញ រហូតដល់ឈរនៅលេខ១ ក្នុងការប្រកួតជម្រុះតាមទ្វីបមក World Cup ដោយមិនមានការចាញ់ទាល់តែសោះ។ គេគួរឱ្យសោកស្ដាយ ពួកគេធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ ក្រោមថ្វីជើងរបស់ក្រុមបែលហ្សិកក្នុងលទ្ធផល ២-១៕ប្រភព៖ DailyMail