ក្រុម Brighton បានប្រកាសជាផ្លូវការ នាំយកកីឡាករខ្សែបម្រើ Adam Lallana មករួមក្រុមហើយ បន្ទាប់ពីរូបគេអស់កុងត្រាជាមួយក្រុម Liverpool ។
កីឡាករវ័យ៣២ឆ្នាំនេះ បង្ហាញខ្លួនបាន២២ប្រកួត សម្រាប់ក្រុម Liverpool នារដូវកាលនេះ ប៉ុន្តែចាប់ផ្ដើមជាប់ជម្រើស១១នាក់ដំបូងតែ៣ប្រកួតប៉ុណ្ណោះ។ តាំងពីលីគបើកវិញមក រូបគេមិនបានចូលជួយក្រុមឡើយ។ តែបើទោះជាយ៉ាងនេះក្ដី លោក Klopp នៅតែផ្ដល់ឱកាសដល់រូបគេ និងឱ្យលេងរហូតដល់អស់កុងត្រាផងដែរ។
ការផ្ទេរទៅលេងនៅក្រុម Brighton គឺជាជំហានថ្មីមួយទៀតរបស់ Lallana ។ តែអ្វីដែលរូបគេបានជួយក្រុម Liverpool គឺជាកំណត់ត្រាក្នុងចិត្តមួយ។ សាមីខ្លួនកីឡាករអង់គ្លេសនេះ បាននិយាយថារូបគេពិតជាមានមោទនភាពណាស់ដែលបានក្លាយជាកីឡាករ Liverpool និងអាចទទួលបានមេដាយក្នុងនាមជាជើងឯកលីគអង់គ្លេស បំបែកកំណត់ត្រា៣០ឆ្នាំរបស់ក្លឹប៕ប្រភព Dailymail