Gary Neville អតីតខ្សែការពារជើងចាស់នៅក្លឹបបិសាចក្រហម បានបង្ហាញការយល់ឃើញថា អ្នកចាំទី David de Gea លែងជាកីឡាករដ៏គួរឲ្យទុកចិត្តមួយរូបដូចមុនទៀតហើយ។
De Gea បានបង្កើតកំហុសញយដងនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលតាំងពីអំឡុងពេលលេងនៅ World Cup ២០១៨ មកម្ល៉េះ រហូតដល់ប្រកួតថ្មីៗនេះពេលប៉ះ Spurs ក៏ De Gea បានបង្កើតកំហុសមួយទៀតដែរ។
Neville បាននិយាយ៖ “គាត់ធ្លាប់ជាកីឡាករដ៏ល្អមួយរូបឲ្យ United នៅ ៤ ឆ្នាំមុន តែពេលនេះគាត់លែងដូចមុនហើយ ដោយថាប្រសិនយើងធ្លាក់ទម្រង់លេងត្រឹម ៦ ខែនោះអាចជារឿងសាមញ្ញមួយ តែបើដល់រយៈពេល ១ ឆ្នាំវាគួរជាពេលដែលអ្នកត្រូវបារម្ភហើយ”។
លោកសង្កត់ធ្ងន់៖ “ធ្លាប់តែមនុស្សម្នាក់ដែលគ្រប់គ្នាពឹងផ្អែកដ៏គួរឲ្យទុកចិត្តមួយរូបលើទីលាន តែពេលនេះ De Gea កំពុងបង្កើតកំហុសជាច្រើន ដោយកាលគាត់ពាក់ឈុតអេស្ប៉ាញនៅ World Cup ២០១៨ ក៏គាត់ទទួលការរិះគន់ពីអ្នកគាំទ្រដូចគ្នា បែបនេះពីពេលនោះហើយដែលគាត់អាចមានការសង្ស័យលើខ្លួនឯង ពោលគឺគាត់លែងដូចពីមុនហើយ”៕
ប្រភព៖ Goal