នៅសល់តែ៣ឆ្នាំទៀតប៉ុណ្ណោះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ SEA Games 2023 ខណៈអ្នករៀបចំនៅកម្ពុជាព្រួយបារម្ភពីគុណភាពនិងបច្ចេកទេសអត្តពលិកដែលចូលរួមទាំងអស់។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានដាក់ក្តីព្រួយបារម្ភជាងគេអំពីបច្ចេកទេស ក្នុងការកសាងសមត្ថភាពកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ក្នុងដំណើរបាញ់ឆ្ពោះទៅ ស៊ីហ្គេម ឆ្នាំ២០២៣។ ឯកឧត្តមអះអាងថា ដោយមានការណែនាំពីសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC ប្រតិបត្តិករកីឡាសម្រួចគោលដៅលើផ្នែកបច្ចេកទេសកីឡារបស់អត្តពលិក ហើយនៅដើមឆ្នាំ២០២០នេះ ប្រសិនបើគ្មានជំងឺកូវីដ-១៩ កម្ពុជាបានបញ្ជូនអត្តពលិក១១០នាក់គ្រប់ប្រភេទកីឡាទាំងអស់ទៅហ្វឹកហាត់នៅប្រទេសចិនរួចហើយ។
ប៉ុន្តែឥឡូវនេះមានភាពប្រែប្រួលថ្មីៗ ដែលត្រូវបញ្ជូនអត្តពលិក១១០នាក់ទៅហ្វឹកហាត់នៅប្រទេសចិនដដែល ប្រសិនបើ ២ ឬ៣ខែឆាប់ៗនេះ មានលក្ខណៈល្អប្រសើរ ហើយត្រូវតែអនុវត្តន៍វិធានការសុខាភិបាល ១៤ថ្ងៃនៅកម្ពុជា និងបន្ត១៤ថ្ងៃនៅចិនទៀត ហើយប្រសិនបើមិនអាចបញ្ជូនក្នុងខែវិច្ឆិកា ២០២០ គឺនឹងត្រូវបញ្ជូនទៅនាខែមីនា ឆ្នាំ២០២១ ដើម្បីដណ្តើមនូវមេដាយច្រើននៅស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម ដែលជាសញ្ញាណល្អឆ្ពោះទៅស៊ីហ្គេម ២០២៣ នៅកម្ពុជា៕