ប្រធានសមាគមបាល់ទាត់អឺរ៉ុប UEFA លោក Aleksander Ceferin បាននិយាយនូវពាក្យប៉ុន្មានម៉ាត់ ពាក់ព័ន្ធនឹងស្ថានភាពនៃការគ្រោងលើកពាន Premier League របស់ហង្សក្រហម Liverpool ដែលមានមតិមួយចំនួនអះអាងថាហង្សនឹងបន្តខកខានការលើកពានឆ្នាំនេះ ក្រោយស្ថានភាពជំងឺ COVID-19 មិនមានការចុះថមថយ។
ភាពភ័យខ្លាចនិងការបារម្ភរបស់អ្នកគាំទ្រ ត្រូវបានរសាត់បាត់ទាំងស្រុង បន្ទាប់ពីប្រធានធំ UEFA បាននិយាយប្រាប់សារព័ត៌មាន Ekipa ថា៖ “ខ្ញុំមើលមិនឃើញថា Liverpool មិនលើកពាននោះទេ ដោយទោះបីរដូវកាលសេសសល់មិនអាចបន្ត ក៏នឹងមានការចាត់ចែងចាំបាច់មួយឲ្យសម្រេចលទ្ធផលតាមមធ្យោបាយណាមួយផងដែរ”។
លោកសង្កត់ធ្ងន់៖ “ក្រុមដែលឈ្នះជើងឯកគួរណាត្រូវបានកំណត់ ហើយខ្ញុំក៏មើលមិនឃើញថា Liverpool មិនអាចនោះដែរ”។
រំឭកថាមុនផ្អាករដូវកាល នៅតារាង Premier League ក្រុមហង្សក្រហម Liverpool បាននាំមុខដាច់ Man City ដល់ទៅ ២៥ ពិន្ទុទៅហើយ តាមថានៅសល់តែប៉ុន្មានប្រកួតទៀតគឺហង្សអាចទទួលពិន្ទុឈ្នះស្វ័យប្រវត្តិ ប្រសិនគ្មានបញ្ហា COVID-19៕