រដូវកាលទាំងមូលនៅ Serie A អាចនឹងត្រូវប្រកាសរំសាយចោលត្រឹមថ្ងៃចន្ទនេះ ប្រសិនមានការព្រមព្រៀងក្នុងកិច្ចប្រជុំបន្ទាន់មួយដែលសមាគមបាល់ទាត់អ៊ីតាលីបានធ្វើឡើងនៅថ្ងៃនេះ។
ប្រធានសមាគមបាល់ទាត់លោក Damiano Tommasi បានបង្ហើបការជឿជាក់ទុកជាមុន ថាឱកាសនៃចម្លើយក្នុងការសម្រេចរំសាយរដូវកាលប្រកួតចោល អាចនឹងមាន បន្ទាប់ពីស្ថានភាពក្នុងប្រទេសអ៊ីតាលីទាំងមូលត្រូវបានប្រកាសអាសន្ន ដោយមានមនុស្សច្រើនជាង ១០ ០០០ នាក់ហើយបាត់បង់ជីវិតដោយសារ COVID-19។
តាមការកំណត់ចុងក្រោយគ្រប់ការប្រកួតកីឡាទូទាំងប្រទេសទាំងអស់ រួមទាំង Serie A នឹងត្រូវលើកពេលដល់ថ្ងៃទី ៣ ឧសភា បើលឿនបំផុត ប៉ុន្តែតាមសេចក្តីសម្រេចចុងក្រោយគឺត្រូវរង់ចាំចម្លើយសិន ថានឹងរំសាយចោលឬយ៉ាងណា។
បញ្ជាក់ថាបើរំសាយចោលពិតមែននោះ ក្រុមដែលទំនងរងផលប៉ះពាល់ខ្លាំងជាងគេគឺ Lazio ដែលមិនងាយនឹងក្រុមមួយនេះមានឱកាសមកប្រកៀកប្រកិតពិន្ទុជាមួយក្រុមកំពូលតារាងឡើយ ដោយនៅជុំទី ២៦ ពួកគេចាញ់ Juventus តែ ១ ពិន្ទុគត់ ខណៈដែលសេះបង្កង់ជាក្រុមសាំនឹងការលើកពាន ៨ រដូវកាលជាប់គ្នាហើយនោះ៕
ប្រភព៖ AF