លោក Fernando Hierro គ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ បានបញ្ជាក់ថាក្រុមរបស់លោកសំណាងហើយ ដែលមានឱកាសឈរលេខ១ក្នុងពូល B និងមានឱកាសបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។
អេស្ប៉ាញ ប្រកួតជាមួយម៉ារ៉ុកយប់មិញនេះ គឺពិតជាស្វិតស្វាញមែនទែន។ ខណៈដែលពួកគេសឹងតែមិនអាចយកពិន្ទុពីម៉ារ៉ុកទៅហើយ។ លទ្ធផលស្មើគ្នា ២-២ នេះ គឺម៉ារ៉ុកជាអ្នកនាំមុខមុន នៅនាទី១៤ ដោយកីឡាករ Boutaib មុនពេលដែល Isco រកគ្រាប់បាល់បានស្មើវិញនៅនាទី១៩។ ក្រោយមកទៀត នៅនាទី៨១ កីឡាករ Nesyri អាចថែមគ្រាប់នាំមុខឱ្យម៉ារ៉ុកជាថ្មីម្ដងទៀត។ ការនាំមុខនៅចុងតង់នេះ បានធ្វើឱ្យអេស្ប៉ាញបុកពោះមិនស្ទើរនោះទេ ប៉ុន្តែជាសំណាង Aspas អាចសង្គ្រោះអេស្ប៉ាញមកវិញ ដោយរកបានគ្រាប់បាល់ស្មើនៅនាទី៩០+១។
លទ្ធផលប្រដេញគ្នាយ៉ាងនេះ បានធ្វើឱ្យលោក Hierro គិតថា៖ “ម៉ារ៉ុកពិតជាក្រុមល្អមែន។ ពួកគេអាចរកគ្រាប់បាល់នាំមុខយើងរហូត។ នេះគឺជារឿងសំណាងមួយដែលយើងអាចរកបាន១ពិន្ទុ និងបានឈរនៅកំពូលតារាងទៀត។ ប្រកួតបន្ទាប់យើងត្រូវពង្រឹងឡើងវិញ ដើម្បីស្វែងរកគ្រាប់បាល់ និងកុំឱ្យរបូតគ្រាប់បាល់ស្រួលៗពេក”។
អេស្ប៉ាញលេខ១ក្នុងពូល B ត្រូវតតាំងជាមួយម្ចាស់ផ្ទះរុស្ស៊ី លេខ២ក្នុងពូល A ។ ការប្រកួតរបស់ពួកគេ នឹងធ្វើឡើងនៅថ្ងៃទី១ខែកក្កដាឆ្នាំ២០១៨នេះ៕ប្រភព៖ DailyMail