Juventus ត្រូវបានគេរាយការណ៍ថាកំពុងដុតដៃដុតជើងយ៉ាងសកម្មក្នុងការចរចាលក់ចេញ Joao Cancelo ចេញពីទឹកដី Turin ឲ្យបានមុនរដូវកាល ២០១៩/២០ ឈានចូលមកដល់ ត្បិតអីសាមីខ្លួនធ្លាប់បញ្ជាក់ពីការចង់បន្តរួមរស់នៅទីនេះក៏ដោយ។
Cancelo ដែលចូលរួមជាមួយក្លឹបកាលពីរដូវក្តៅឆ្នាំទៅនូវតម្លៃខ្លួនប្រមាណ ៤០ លានអឺរ៉ូ បានបរាជ័យក្នុងការប្រជែងយកតំណែងជម្រើសដំបូងនៅសេះបង្កង់។ យោងតាមសារព័ត៌មាន Calciomercato បានសង្កត់ធ្ងន់ថាក្លឹបបានដាក់តម្លៃខ្លួនកីឡាករវ័យ ២៥ ឆ្នាំរូបនេះ ថ្លៃ ៦០ លានអឺរ៉ូ។
ក្នុងនោះមានក្លឹប ២ ដែលល្ហិចល្ហៀងថាអាចនាំយកកីឡាករព័រទុយហ្គាល់ទៅចូលរួម ដោយរួមមាន Man City ចង់យកមកជំនួសតំណែង Danilo ដែលចាកចេញពី Etihad និងក្លឹប Man Utd ប៉ុន្តែមានភាគរយទាបជាង ព្រោះទើបចុះហត្ថលេខាយកបាន Wan-Bissaka ចេញពី Crystal Palace។ ប្រភព៖ OneFootball