Francesco Totti បានលាឈប់ពីតំណែងនាយកបច្ចេកទេសកីឡានៅក្លឹប Roma ហើយ ក្រោយពីលោកមិនពេញចិត្តជាមួយម្ចាស់ក្លឹបដែលជាមហាសេដ្ឋីអាមេរិក។
បុរសវ័យ៤០ឆ្នាំដែលចំណាយពេល៣០ឆ្នាំនៅក្លឹប Roma បានប្រកាសកាលពីម្សិលមិញថារូបលោកសម្រេចចិត្តចាកចេញពីក្លឹបនេះហើយ។ លោកបានប្រៀបធៀបការចាកចេញនេះដូចជាសេចក្ដីស្លាប់អីចឹង ព្រោះថាមួយជីវិតនេះលោករស់នៅជាមួយ Roma ទៅហើយ។
សម្រាប់មូលហេតុនៃការចាកចេញវិញ ត្រូវបានគេដឹងថាមកពីប្រធានក្លឹបដែលជាជនជាតិអាមេរិកនោះ មិនបានយល់ស្របទៅនឹងអ្វីដែលលោក Totti ចង់បាន ហើយការចរចាគ្នាក៏មិនត្រូវទៀត ទើបលោកសម្រេចចិត្តចាកចេញតែម្ដង។
Totti ចូលលេងឱ្យក្រុមឈុតធំ Roma នៅឆ្នាំ១៩៩៣ ដោយបង្ហាញខ្លួនបាន៧៨៥ប្រកួត និងរកបាន៣០៧គ្រាប់។ អំឡុងអាជីពលេងបាល់របស់ខ្លួន ក៏មានក្លឹបជាច្រើនបានទាក់ទងមកគេដែរ ប៉ុន្តែសាមីខ្លួនមិនចាកចេញទៅណាចោល Roma ឡើយ៕ប្រភព៖ Dailymail