នៅ ស្រីពៅ ដែលគេកំពុងទទួលស្គាល់ថាជា កីឡាការិនីគុនខ្មែរលំដាប់ជួរមុខនោះមានប្រវត្តិពីការងារនៅរោងចក្រកាលពី ៥ ឆ្នាំមុន មុនប្រែក្លាយឈ្មោះឲ្យល្បីរន្ទឺនៅក្នុងពិភពកីឡាប្រដាល់ ហើយ មិនតែប៉ុណ្ណោះទៀតសោត ស្រីពៅ បានបង្ហាញមោទនភាពជាតិ មោទនភាពខ្លួនឯង និង គ្រួសារតាមរយៈការទទួលជ័យជម្នះលើឆាកអន្តរជាតិជាបន្តបន្ទាប់នាពេលថ្មីៗនេះជាពិសេសនៅសង្វៀនកម្រិតពិភពលោក One Championship។
ក្រោយពីឈ្នះកីឡាការិនីម្ចាស់មីយ៉ាន់ម៉ា Shwe Sin Min ចំនួនពីរលើកជាប់គ្នានៅឆ្នាំ ២០១៨ និង ដើមឆ្នាំ ២០១៩ នេះ ស្រីពៅ ដែលជាម្ចាស់ខ្សែក្រវាត់គុនខ្មែរទម្ងន់ ៦៣,៥ គីឡូក្រាម ត្រូវបានគេជ្រើសរើសជាកីឡាការិនីឆ្នើមប្រចាំសង្វៀន World Lethwei Championship។ ការជ្រើសរើសនេះធ្វើឲ្យរូបគេក្លាយជាកីឡាការិនីដំបូង ដែលអាចគ្រងតំណែងបុគ្គលឆ្នើមប្រចាំសង្វៀននៅក្រៅប្រទេសនិងកម្រិតអន្តរជាតិ។ មុនមានឈ្មោះបោះសំឡេង ដោយសារតែកត្តាជីវភាព ស្រីពៅ បានចូលបម្រើការងារនៅរោងចក្រមួយកន្លែងម្ដុំព្រែកថ្លឹង បានរយៈពេល ១ ឆ្នាំមុនពេលឈានជើងចូលហ្វឹកហាត់ប្រដាល់ ដែលជាក្ដីស្រលាញ់ផ្ទាល់ខ្លួន។
កីឡាការិនីវ័យ ២៤ ឆ្នាំ រំលឹកបែបនេះ៖«មុនដំបូងខ្ញុំចូលធ្វើការរោងចក្របានប្រហែល ១ ឆ្នាំបង មុនពេលចូលហ្វឹកហាត់ប្រដាល់។ ខ្ញុំធ្វើការងាររោងចក្រអំឡុងឆ្នាំ ២០១៣ ហើយ ចូលហាត់ប្រដាល់ដើមឆ្នាំ ២០១៤ ជាមួយបងប្រុសខ្ញុំ នៅ ស៊ីថា ។ ពេលខ្ញុំនៅធ្វើការងារ ខ្ញុំសុំ និង លួងម៉ាក់ខ្ញុំ ថាចង់ហាត់ប្រដាល់ ព្រោះប៉ាខ្ញុំគាត់អត់ឃាត់ទេ។ ទម្រាំសុំបានរហូតដល់គាត់ថា អូខេ ខ្ញុំក៏ទៅហាត់ប្រដាល់តែម្ដង ហើយដាក់ពាក្យឈប់ពីរោងចក្រយ៉ាងលឿន។»
ក្រោយចូលហ្វឹកហាត់ប្រដាល់ដែលបង្ហាត់ដោយគ្រូបង្វឹក ញ៉ូវ ម៉ាក និង លោក ម៉ាក សាខន នៅក្លិបតាឡីដំរីមានរិទ្ធិ បានត្រឹម រយៈពេលមួយខែ ស្រីពៅ ក៏មានទីផ្សារឡើងប្រកួតបណ្ដើរៗតាំងពីពេលនោះមក។ កូនសិស្សលោក ញ៉ូវ ម៉ាក បានបញ្ជាក់ថា ៖«ខ្ញុំចាំការប្រកួតដំបូងគឺ ប៉ះ ប្អូន វី ស្រីខួច ឈ្មោះ វ័ ស្រីល័ក្ខ នៅសង្វៀនប៉ុស្ដិ៍បាយ័ន។ កាលនោះខ្ញុំឈ្នះពិន្ទុ។ ខ្ញុំហាត់បានតែ ១ ខែ ប៉ុណ្ណោះស្រាប់តែគ្រូដាក់ឲ្យប្រកួត។ ពេលនោះបានតម្លៃខ្លួនប្រហែល ៣០ ម៉ឺន។»
នៅ ស្រីពៅ បច្ចុប្បន្នកំពុងហ្វឹកហាត់ប្រដាល់សកលជម្រើសជាតិជាប្រចាំជាមួយលោកគ្រូ វ៉ែន សុផល នៅពហុកីឡដ្ឋានជាតិ ពោល ពេលព្រឹកចាប់ពីម៉ោង ៦ កន្លះ ដល់ ៩ ព្រឹក និង ពេលល្ងាចពី២ រហូតដល់ម៉ោង ៤ កន្លះរសៀល។ ការហ្វឹកហាត់នេះ គឺ ត្រៀមខ្លួនទៅប្រកួតស៊ីហ្គេម តំណាងឲ្យកម្ពុជា ដែលរៀបចំនៅហ្វីលីពីន ចុងឆ្នាំ ២០១៩នេះ៕