ក្រុម Manchester City ពិតជាខ្លាំងមែន ដោយសល់ត្រឹមគ្នា១០នាក់ប៉ុន្តែអាចវាយបកយកឈ្នះលើក្រុម Schalke បានវិញក្នុងលទ្ធផល ៣-២ ពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ។
Sergio Aguero ជាអ្នកនាំមុខឱ្យក្រុម Man City មុន នៅត្រឹមនាទី១៨ ក្រោយពីទទួលបានបាល់ពី David Silva ។ យ៉ាងណាមិញ នៅនាទី៣៨ Bentaleb ក៏រកបានគ្រាប់បាល់ស្មើវិញ ដែលកើតចេញពីបាល់ប៉េណាល់ទី។ មុននឹងចប់ការប្រកួតវគ្គទី១ កីឡាករដដែលនេះរបស់ក្រុម Schalke ក៏ទទួលបានបាល់ប៉េណាល់ទី១គ្រាប់ទៀតនាំមុខក្រុម Man City ។
មិនត្រឹមតែត្រូវក្រុមម្ចាស់ផ្ទះនាំមុខទេ ក្រុម Man City នៅនាទី៦៨ក៏មានកីឡាករទទួលបានកាតក្រហមផងដែរគឺខ្សែការពារ Otamendi ។ នៅសល់គ្នាត្រឹម១០នាក់មែន ប៉ុន្តែក្រុមរបស់លោក Pep មិនបោះបង់ការវាយលុកនោះទេ ជាក់ស្ដែងនៅនាទី៨៥ ខ្សែប្រយុទ្ធ Sane ក៏រកគ្រាប់បាល់បានស្មើ១គ្រាប់វិញផងដែរ។ ជិតនឹងចប់ការប្រកួតទៅហើយ Sterling ក៏ថែមបាន១គ្រាប់ទៀតឱ្យ Man City យកឈ្នះលើក្រុម Schalke ក្នុងលទ្ធផល ៣-២ តែម្ដង។
ក្រុមទាំងពីរនេះនឹងត្រូវប៉ះគ្នាម្ដងទៀតជើងទី២ នៅថ្ងៃទី១៣ខែមីនាឆ្នាំ ២០១៩ខាងមុខនេះ៕ប្រភព៖ Dailymail